ព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗ ប្រចាំឆ្នាំ២០២៤ ដែលជាឆ្នាំមមាញឹកជាងគេ
(បរទេស)៖ នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៣ នឹងរសាត់ទៅបាត់ ដោយជំនួសមកវិញនៅឆ្នាំ២០២៤ ជាពេលដែលយុទ្ធនាការបាល់ទាត់សំខាន់ៗ ប្រកួតប្រជែងដណ្តើមពានយ៉ាងមមាញឹកផងដែរ ពោលគឺស្ទើរតែគ្រប់តំបន់តែម្តង។
ជាបន្តទៅទៀតនេះ Fresh News Plus សូមច្បិចយកព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗប្រចាំឆ្នាំ២០២៤ ផ្នែកបុរស មកចែកជូនអ្នកគាំទ្រដែលស្នេហាវិស័យកីឡាដ៏មានប្រជាប្រិយភាពមួយនេះទុកជាការកម្សាន្ត ក៏ដូចជារឿងរ៉ាវផ្សេងៗទៀតទាក់ទងនឹងបាល់ទាត់នេះដែរ។
ជារួមសម្រាប់ឆ្នាំ២០២៤ ខាងមុខមានព្រឹត្តិការណ៍សំខាន់ៗទៅ ៧ដែលត្រូវរៀបចំរួមមាន ជើងឯកប្រចាំទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប អាមេរិកឡាទីន អូសេអានី រួមទាំងកីឡាអូឡាំពិករដូវក្តៅ និងកិច្ចប្រជុំធំរបស់ FIFA នៅធ្វើទីក្រុងបាងកក ប្រទេសថៃ ស្តីពីកំណែទម្រង់ច្បាប់ប្រកួតមួយចំនួនផងដែរ។ ផ្តល់សិទ្ធិដោយ៖ freshnews
១៖ ជើងឯកប្រចាំទ្វីបអាស៊ី (ASIAN CUP 2023)
ព្រឹត្តិការណ៍ ៤ឆ្នាំម្តងនេះ ត្រូវបានពន្យារពេល ១ឆ្នាំ ដោយប្តូរពីប្រទេសចិន ទៅកាតាវិញ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមករា និងបញ្ចប់ទៅវិញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន ២៤ក្រុម (ប្រទេស) ស្របពេលប្រទេសម្ចាស់ផ្ទះ ជាក្រុមការពារតំណែងជើងឯកទៀតផង។

២៖ ព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាហ្រ្វិក (AFCON 2023)
Africa Cup of Nations នេះត្រូវបានពន្យារពេល ១ឆ្នាំ ដោយសារតែនៅប្រទេសម្ចាស់ផ្ទះកូដឌីវ័រមានភ្លៀងធ្លាក់ខ្លាំង នៅអំឡុងខែមិថុនា និងខែកក្កដា នៅមុនពេលប្រជុំសម្រេចយកថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ដើម្បីឆ្នាំ២០២៤ ជំនួសវិញ ដោយមាន ២៤ក្រុម (ប្រទេស) ចូលរួមផងដែរ។
ជើងឯកប្រចាំតំបន់ស្បែកខ្មៅនេះដែរ នឹងចាប់ផ្តើមបើកឆាកប្រកួតមុនគេ នៅដើមឆ្នាំ២០២៤ តែម្តង និងជាការរៀបចំ លើកទី៣៤ ផងដែរ សម្រាប់យុទ្ធនាការដែលមានរយៈពេល ២ឆ្នាំម្តងនេះ។

៣៖ សន្និបាតប្រចាំឆ្នាំរបស់ FIFA
សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាអំឡុងខែមីនា ឆ្នាំ២០២៤ ធ្វើនៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងកិច្ចប្រជុំនោះដែរ ការពិនិត្យឡើងវិញ ក៏ដូចជាតាក់តែងច្បាប់ប្រកួតថ្មីៗ ក៏ស្ថិតក្នុងរបៀបវារៈជាច្រើនរបស់ស្ថាប័នដែលមិនគិតពីប្រាក់កំរ៉ៃនេះដែរ។

៤៖ ជើងឯកប្រចាំទ្វីបអូសេអានី (OFC Nations Cup 2024)
ពានរង្វាន់ជើងឯកប្រចាំទ្វីបអូសេអានី ឆ្នាំ២០២៤ ជំនាន់ទី១១ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Vanuatu ប្រទេសដែនកោះសាធារណរដ្ឋ Vanuatu ដោយមានណូវែលហ្សេឡង់ ជាក្រុមការពារ ជើងឯកតាំងពីឆ្នាំ២០១៦ មក ដ្បិតឆ្នាំ២០២០ ពុំបានរៀបចំទេ ដោយសារវិបត្តិកូវីដ-១៩។

៥៖ ជើងឯកប្រចាំទ្វីបអឺរ៉ុប (UEFA Euro 2024)
ព្រឹតិ្តការណ៍បាល់ទាត់ជើងឯកប្រចាំទ្វីបអឺរ៉ុប លើកទី១៧ នឹងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់តែមួយគត់ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមាន ២៤ក្រុម (ប្រទេស) ចូលរួមផងដែរ ដោយក្នុងនោះក៏មាន ក្រុមការពារតំណែងជើងឯក អាសូរីអ៊ីតាលី និងជើងឯករង តោកំណាចអង់គ្លេសបានឆ្លងកាត់នៃវគ្គជម្រុះមកដែរ។

៦៖ ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង (Copa America 2024)
Copa America 2024 ជំនាន់ទី៤៨ នឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ដោយមានសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះ ជាមួយនឹង ១៦ក្រុម (ប្រទេស) ចូលរួមផងដែរ។ នេះជាលើកទី២ ផងដែរ ដែលប្រទេសមហាអំណាចផុតលេខ១ មួយនេះ ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះសម្រាប់កម្មវិធីដែលមាន ២ឆ្នាំម្តង ស្ថិតក្រោមកិច្ចសហការគ្នារវាង CONMEBOL និង CONCACAF។

៧៖ កីឡាអូឡាំពិក រដូវក្តៅ (Summer Olympics 2024)
ព្រឹត្តិការណ៍កីឡាចម្រុះ ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ នឹងធ្វើឡើងទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ជំនាន់ទី៣៤ តពីប្រទេសជប៉ុនដែលធ្វើម្ចាស់ផ្ទះកាលឆ្នាំ២០២០ កន្លងទៅ៕

