ទីបំផុត! Apple អាចលក់ Apple Watch នៅសហរដ្ឋអាមេរិកបានវិញហើយ
(បរទេស)៖ ពេលនេះក្រុមហ៊ុន Apple អាចបន្តលក់ Apple Watch របស់ខ្លួនទាំងពីរម៉ូដែលនៅសហរដ្ឋអាមេរិកបានវិញហើយ បន្ទាប់តុលាការអាមេរិកសម្រេចពន្យាពេលហាមឃាត់ និងអាចលក់បន្តបានរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មុនពេលការសម្រេចចិត្តចុងក្រោយពី អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
នាឡិកាឆ្លាតវៃ ទាំងពីរម៉ូដែលរបស់ Apple រួមមាន Apple Watch Series 9 និង Ultra 2 អាចលក់បាន ឬមួយក៏អត់នៅលើទឹកដីអាមេរិក នឹងសម្រេចចុងក្រោយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។ ខណៈករណីនេះអាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតបន្ត ប្រសិនបើកំណត់បានថា Apple ពិតជាបានលួចប៉ាតង់របស់ Masimo ពិតមែននោះ Apple Watch ទាំងពីរម៉ូដែលនេះ អាចនឹងលែងមានវត្តមាននៅទីផ្សារសហរដ្ឋអាមេរិកតែម្តង។
ខណៈការពន្យាពេលហាមឃាត់នេះ កើតឡើងបន្ទាប់ពី Apple បានព្យាយាមអង្វករ នឹងដាក់សំណើរបន្ទាន់មួយ ដោយស្នើសុំឱ្យតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក (Federal Circuit) បើកការស៊ើបអង្កេតឡើងវិញ និងពន្យាពេលពីការហាមប្រាមរបស់ គណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (ITC) ដែលបានឱ្យសម្រេចឱ្យ Apple បញ្ឈប់ដំណើរការលក់ជាបន្ទាន់។
គួរជម្រាបដែរថា ITC បានសម្រេចហាមឃាត់ Apple ពីប្រតិបត្តិការលក់ Apple Watch ចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ទាំងការលក់នៅហាងផ្ទាល់ និងលើអនឡាញជុំវិញជម្លោះប៉ាតង់ជាមួយក្រុមហ៊ុនវេជ្ជសាស្ត្រ Masimo។ តែយ៉ាងណាតាមការចុះផ្សាយចុងក្រោយ Apple អាចដាក់លក់បានវិញហើយ ដូច្នេះអ្នកនិយមគាំទ្រ Apple Watch នៅអាមេរិកទាំងអស់អាចរកទិញបានទាំងលើ Website និងហាងជាច្រើននៅទូទាំងសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews






