YG Entertainment បញ្ជាក់ថាសមាជិក BLACKPINK ទាំង៤នាក់ នឹងមិនបន្តកិច្ចសន្យា សម្រាប់សកម្មភាពបុគ្គលឡើយ
(កូរ៉េ)៖ ផលិតកម្មកូរ៉េខាងត្បូង YG Entertainment បានបញ្ជាក់ថា សមាជិកក្រុម BLACKPINK នឹងត្រូវចុះកិច្ចសន្យាជាមួយក្រុមហ៊ុន សម្រាប់ការផ្សព្វផ្សាយជាក្រុមប៉ុណ្ណោះ ខណៈកុងត្រាសកម្មភាពបុគ្គលម្នាក់ៗ មិនបានបន្តឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koraboo នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចែករំលែកដោយ YG Entertainment ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Herald Pop ពួកគេបានបញ្ជាក់ថា សមាជិក BLACKPINK ម្នាក់ៗនឹងត្រូវបានចុះហត្ថលេខា ជាមួយក្រុមហ៊ុន សម្រាប់ការផ្សព្វផ្សាយជាក្រុមប៉ុណ្ណោះ។ ទោះជាបែបនេះក្តី YG បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីគាំទ្រសកម្មភាពរបស់ BLACKPINK ហើយនឹងលើកទឹកចិត្ត ចំពោះសកម្មភាពនីមួយៗរបស់ពួកគេ ដោយបេះដូងកក់ក្តៅ។
គួរជម្រាបថា កាលពីដើមឆ្នាំនេះ ផលិតកម្ម YG Entertainment បានចែករំលែកពីរបៀប ដែលសមាជិកទាំង៤ បានបន្តកិច្ចសន្យារបស់ពួកគេសម្រាប់សកម្មភាពក្រុម ប៉ុន្តែមិនបានផ្តល់ព័ត៌មាន អំពីសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេទេ។ រហូតមកទល់នឹងពេលនេះ គេឃើញមានសមាជិក BLACKPINK ម្នាក់ គឺ Jennie បានសម្រេចបង្កើតក្រុមហ៊ុនផ្តាល់ខ្លួន ដែលមានឈ្មោះហៅកាត់ថា ODD ខណៈក្រុមហ៊ុននេះ ប្រៀបបានជាការបើកផ្លូវនៃកម្មភាពសិល្បៈទោលរបស់នាង ក្រោមក្រុមហ៊ុនផ្ទាល់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews





