ព័ត៌មានអន្តរជាតិ December 29, 2023

Alibaba កំពុងប្រឈមមុខនឹងពាក្យបណ្តឹងនៅសហរដ្ឋអាមេរិក ជុំវិញការអនុញ្ញាតឱ្យលក់ផលិតផលក្លែងក្លាយ

Khmerpress

(បរទេស)៖ Alibaba ដែលជាក្រុមហ៊ុន e-commerce យក្សរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការប្តឹងផ្តល់នៅសហរដ្ឋអាមេរិក ពីបទលក់របស់ក្មេងលេងដ៏ពេញនិយម Squishmallows ដែលជាផលិតផលក្លែងក្លាយ។ ក្នុងករណីនេះ Alibaba បានរងការចោទប្រកាន់យ៉ាងចាស់ដៃថា បានផ្សំគំនិតដាក់លក់ឥវ៉ាន់ក្លែងក្លាយ និងរំលោភលើកម្មសិទ្ធបញ្ញារបស់ម្ចាស់ក្រុមហ៊ុន Jazwares។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

Jazwares គឺជាក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេងរបស់អាមេរិក និងឈានមុខគេនៅលើពិភពលោក។ ជុំវិញពាក្យបណ្តឹងថ្មីៗនេះ Jazwares បានចោទប្រកាន់ Alibaba ថាបានអនុញ្ញាតឱ្យលក់ Squishmallows ដោយគ្មានម៉ាកយីហោត្រឹមត្រូវ ជាផលិតផលក្លែងក្លាយ និងបានរំលោភលើកម្មសិទ្ធបញ្ញា (Copyrights and Trademarks) របស់ខ្លួន។

នេះមិនមែនជាលើកដំបូងនោះទេ ដែល Alibaba ទទួលរងការព្រមានអំពីការលក់ផលិតផលក្លែងក្លាយនៅលើភ្លេតហ្វមលក់ទំនិញអនឡាញរបស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ គឺធ្លាប់មានក្រុមហ៊ុនធំៗច្រើនបានដាក់ពាក្យប្តឹង Alibaba រួចមកហើយ ប៉ុន្តែពាក្យបណ្តឹងទាំងនោះ ហាក់មិនបានផល ហើយ Alibaba នៅតែបន្តអនុញ្ញាតឱ្យលក់ផលិតក្លែងក្លាយ (Fake) ជាបន្តបន្ទាប់។

យ៉ាងណាមិញចំពោះពាក្យបណ្តឹងចុងក្រោយពី ក្រុមហ៊ុនអាមេរិក Jazwares ត្រូវបានគេលើកឡើងថា ប្រសិនបើបណ្តឹងនេះទទួលបាជោគជ័យនោះ Alibaba អាចនឹងប្រឈមមុខនឹងការផាកពិន័យផ្នែកហិរញ្ញវត្ថុ និងត្រូវបង្ខំឱ្យអនុវត្តវិធានការតឹងរឹងដើម្បីការពារពីការលក់ផលិតផលក្លែងក្លាយទាំងនោះ។ ក្នុងករណីនេះ បើសិនជាមិនព្រមអនុវត្តតាមទេនោះ គេអាចនឹងមានវិធានការថ្មីទៅលើ Alibaba បន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews