Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤

    BY Khmerpress December 30, 2023
    រដ្ឋបាលខេត្តសៀមរាប នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

    រដ្ឋបាលខេត្តសៀមរាប សហការជាមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និងវិស័យឯកជន នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។ ជាមួយគ្នានោះដែរ ក៏មានការរៀបចំបាញ់កាំជ្រួច (នៅទីតាំងមុខទីតាំងមហាសណ្ឋាគារអង្គរ) និងកម្មវិធីប្រគំតន្ត្រីចំនួន ៣ទីតាំង ដូចជា៖ ១. ទីតាំងបរិវេណសួនព្រះរាជដំណាក់ (កន្លែងហាត់ប្រាណ) ២. ទីតាំងកំណាត់ផ្លូវស៊ីវត្ថា (តំបន់ផាប់ស្រ្ទីត) និង៣.នៅទីតាំងកំណាត់ផ្លូវអាចារ្យស្វា (ផ្លូវមាត់ស្ទឹងសៀមរាប ត្រើយខាងកើត) ក្នុងគោលបំណងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ព្រមទាំងការ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករ។

    ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្តសៀមរាបបានគ្រោង រៀបចំចំណតយានយន្តគ្រប់ប្រភេទ និងផ្អាកការធ្វើចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួន (ដូចមានប្លង់ផែនទីជូនភ្ជាប់) ដូចខាងក្រោម៖

    ១.កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ ដល់ស្ពានវត្តព្រះព្រហ្មរ័ត្ន។
    ២.កំណាត់ផ្លូវស៊ីវត្ថា ចាប់ពីចំណុចកែងនឹងផ្លូវលេខ១១ (ច្រមុះជ្រូកត្រីកោណ) ដល់ ចំណុចហាងលក់សម្លៀកបំពាក់ហ្សានដូ (Zando) កំណាត់ផ្លូវក្នុងតំបន់ផាប់ស្រ្ទីត និង កំណាត់ផ្លូវA.266 (អតីតផ្លូវសុខសាន្ត) និងកំណាត់ផ្លូវ២ធ្នូ ។
    ៣.កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្តុបសួនព្រះរាជដំណាក់ កំណាត់ផ្លូវមុខទីតាំងមហាសណ្ឋាការអង្គរ កំណាត់ផ្លូវតំបន់សួនព្រះរាជដំណាក់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង។

    ៤. ទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅតាមចំណុច និងទីតាំងដូចជា៖ ១). ទីតាំងវិទ្យាល័យ ១០ មករា ១៩៧៩ ២). ដីឡូត៍តារាងបាល់ទះក្រោយមន្ទីរពេទ្យកុមារអង្គរ ៣).ចំណតរថយន្ត អតីតអាងក្រពើ ៤). សាលាបឋមសិក្សាសម្ដេចជាស៊ីម ៥). សាលាបឋមសិក្សាស្ទឹងថ្មី ៦). វត្តដំណាក់ ៧). សាលាបឋមសិក្សាវត្តបូព៌ ៨). វត្តពោធិ៍លង្កា ៩). ទីតាំងមុខសណ្ឋាគារតាព្រហ្ម និងទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញរបស់សមត្ថកិច្ចតាមភាពជាក់ស្តែង (ដូចមានបង្ហាញក្នុងប្លង់ផែនទី)។

    អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទដែលនៅតាមតំបន់រៀបចំកម្មវិធីខាងលើ និងសាធារណជន មេត្តាជ្រាបជា ព័ត៌មាន និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងយោគយល់អធ្យាស្រ័យតាមការគួរ ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post: