Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តព្រៃវែង ដឹកនាំកម្លាំងចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរដូវប្រាំងជិត៣ពាន់ហិកតា

    BY Khmerpress December 30, 2023
    អភិបាលខេត្តព្រៃវែង ដឹកនាំកម្លាំងចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរដូវប្រាំងជិត៣ពាន់ហិកតា

    (ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ អភិបាលស្រុកស៊ីធរកណ្ដាល អភិបាលស្រុកស្វាយអន្ទរ និងមេឃុំពាក់ព័ន្ធ ព្រមទាំងសហគមន៍ប្រើប្រាស់ទឹក បានចុះពិនិត្យស្ថានីយ៍បូមទឹកទី២ ស្ថិតនៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ដែលបានចាប់ផ្តើមបូមទឹកពីព្រែកមេវ៉ៃគោ ជំហានទី១ ដាក់បញ្ចូលទៅក្នុងប្រឡាយមេខ្សែទី១ ដែលមានប្រវែង ២៨គីឡូម៉ែត្រ ហូរឆ្លងកាត់ស្រុកចំនួន៣ គឺស្រុកស៊ីធរកណ្ដាល ស្រុកកញ្ច្រៀច និងស្រុកស្វាយអន្ទរ។

    ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងលើកទី១ មានចំនួន ២,៩៦៩ហិកតា ដែលប្រជាពលរដ្ឋបានបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវវស្សាក្នុងឃុំទាំង៦នៃស្រុកស្វាយអន្ទរ គឺឃុំព្រៃខ្លា, ជាខ្លាង, ស្វាយអន្ទរ,​ អង្គរទ្រេត, មេបុណ្យ និងដំរីពួនសរុបចំនួន ២,៩៥៨គ្រួសារ។

    សូមបញ្ជាក់ជូនថា ប្រភពទឹកនៃស្ថានីយ៍បូមទឹកទី២នេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: