Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំកម្មវិធីប្រកួតប្រជែង«ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣»

    BY Khmerpress December 30, 2023
    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត រៀបចំកម្មវិធីប្រកួតប្រជែង«ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣»

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ រៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” (Best Countdown City of The Year 2023) ។ នេះបើយើងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

    សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា ការរៀបចំកម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” នេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    តាមគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កម្មវិធីប្រកួតប្រជែងនេះរៀបចំឡើងដោយផ្អែកលើលក្ខណៈពិសេស ដូចជា៖ ការតុបតែងរចនាលម្អ, អនាម័យ និងបរិស្ថាន, សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់, ភាពពេញចិត្ត និងការសប្បាយរីករាយរបស់ភ្ញៀវទេសចរ និងអ្នកចូលរួម។

    គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមធ្វើការបោះឆ្នោតគាំទ្រទីក្រុងដែលលោកអ្នកពេញចិត្តជាងគេបំផុត ដោយជ្រើសរើសតែ ១ ប៉ុណ្ណោះ ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈគេហទំព័រ៖ https://bestcountdowncity.cambodiacleancity.com/ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: