ព័ត៌មានអន្តរជាតិ January 3, 2024

គិតមកដល់ពេលនេះក្រុមហ៊ុន Masimo បានចំណាយប្រាក់អស់ខ្ទង់ ១០០លានដុល្លារ ជុំវិញការតស៊ូផ្លូវច្បាប់ជាមួយ Apple

Khmerpress

(បរទេស)៖ តាមរយៈការចុះផ្សាយថ្មីៗនេះបានឱ្យដឹងថា ការតស៊ូផ្លូវច្បាប់របស់ក្រុមហ៊ុន Masimo ជាមួយនិង Apple រហូតមកដល់ពេលនេះ បានធ្វើឱ្យខាតបង់ប្រាក់អស់ប្រមាណ ១០០លានដុល្លារ ជុំវិញការលួចប៉ាតង់ប្រើនៅក្នុង Apple Watch។ តែយ៉ាងណាបើទោះបីជាខាតបង់ច្រើនក៏ពិតមែន CEO ក្រុមហ៊ុន Masimo បានបញ្ជាក់ថា ខ្លួននឹងមិនបញ្ឈប់ការប្តឹងផ្តល់ជាដាច់ខាត រហូតដល់ Apple ព្រមសងសំណងទៅខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

ជម្លោះរវាងក្រុមហ៊ុនទាំងពីរនេះ បានចាប់ផ្តើមចាប់តាំងពីខែមករា ឆ្នាំ២០២០មកម្លេះ នៅពេលនោះ Masimo បានចោទប្រកាន់ Apple ពីបទឃុបឃិតជាមួយនឹងបុគ្គលិករបស់ខ្លួន និងលួចយកប៉ាតង់បច្ចេកវិទ្យាត្រួតពិនិត្យលើមុខងារសុខភាព យកទៅប្រើនៅក្នុង Apple Watch។ បញ្ហានេះទើបតែចាប់ផ្តើមបើកកកាយខ្លាំងនៅអំឡុងពាក់កណ្តាលខែធ្នូ ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិក (ITC) បានសម្រេចថា Apple បានរំលោភលើប៉ាតង់បច្ចេកវិទ្យាវេជ្ជសាស្រ្ត ដែលកាន់កាប់ដោយ Masimo នៅក្នុងបច្ចេកវិទ្យាវាស់អុកស៊ីហ្សែនក្នុងឈាម ដែលប្រើក្នុង Apple Watch Series 9 និង Watch Ultra 2។

ក្រោយមានការអង្វករពី Apple ជុំវិញការហាមប្រាមការលក់ Apple Watch ទាំងពីរម៉ូដែលនៅសហរដ្ឋអាមេរិក និងដាក់សំណើរជាបន្តបន្ទាប់ តុលាការអាមេរិកក៏បានសម្រេចពន្យាពេលហាមឃាត់ និងអនុញ្ញាតឱ្យ Apple អាចលក់បន្តបានរហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ មុនពេលការសម្រេចចិត្តចុងក្រោយពី អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិក។

យ៉ាងណាមិញទាក់ទិននឹងបញ្ហានេះ បើទោះបីជាតុលាការអាមេរិកសម្រេចពន្យាពេល និងរង់ចាំការស៊ើបអង្កេតបន្តក៏ដោយ ភាគីខាងក្រុមហ៊ុន Masimo ហាក់មិនសប្បាយចិត្ត នឹងការសម្រេចចិត្តនោះទេ។ ដោយរបាយការណ៍ចុងក្រោយនេះ CEO ក្រុមហ៊ុន Masimo បាននិយាយថា ខ្លួននឹងនៅតែបន្តប្តឹងផ្តល់រហូតដល់ Apple យល់ព្រមបង់ប្រាក់សម្រាប់ការលួចប៉ាតង់របស់ខ្លួន ក៏ដូចជារកយុត្តិធម៌សម្រាប់បច្ចេវិទ្យាវេជ្ជសាស្រ្តដែលបង្កើតឡើងដោយ Masimo ផ្ទាល់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews