ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព មិនមានតម្លៃប្រើប្រាស់ជាផ្លូវការនោះទេ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព មិនមានតម្លៃប្រើប្រាស់ជាផ្លូវការនោះទេ ។
ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានបន្ថែមថា៖ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋប្រញ៉ាប់អញ្ជើញទៅបំពេញបែបបទ ដើម្បីស្នើសុំថតធ្វើថ្មីបាន។ នីតិវិធីនៃការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ករណីអស់សុពលភាព សាមីខ្លួនត្រូវមកបង្ហាញមុខដោយផ្ទាល់ជាមួយក្រុមមន្រ្តីនគរបាលជំនាញ នៅទីកន្លែងចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយភ្ជាប់មកជាមួយនូវ៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលអស់សុពលភាព ឬនៅមានសុពលភាពត្រឹម៩០ថ្ងៃ ឬតិចជាង
-ករណីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអស់សុពលភាពនោះ ត្រូវបានបាត់បង់ ត្រូវភ្ជាប់មកជាមួយនូវពាក្យបណ្តឹងស្តីពីការបាត់បង់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់
-ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់មកជាមួយនូវសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅសម្រាប់គោលដៅនៃការស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមអាសយដ្ឋានថ្មី។
• បំពេញសលាកបត្រព័ត៌មានសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
• ផ្តិតខ្ចៅដៃ ថតរូប និងចុះហត្ថលេខា។
សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។ សូមអរគុណ ៕ ប្រភព៖ ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង Pol Lieutenant General Say Mengchheang
