សន្ទុះគាំទ្ររថយន្តអគ្គិសនីចិន BYD កំពុងកើនឡើងកាន់តែខ្លាំង ជាមួយនឹងចំនួនដាក់លក់សរុបជាង ៣លានគ្រឿងក្នុងឆ្នាំ២០២៣
(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់ចិន BYD បានបង្ហោះលទ្ធផលនៃ ចំនួនលក់រថយន្តរបស់ខ្លួនសរុបសម្រាប់ឆ្នាំ២០២៣ ដែលបង្ហាញពីចំនួនកើនឡើងខ្ពស់ដល់ទៅ ៦១.៩ភាគរយឯណោះ ដែលគិតជាចំនួនរថយន្តនាំចេញសរុបមានប្រមាណ ៣.០២លានគ្រឿង។ ការកើនឡើងនេះ គឺជាជោគជ័យដ៏ធំបំផុតរបស់ BYD ដែលកើនលើសពីកំណត់ត្រាឆ្នាំ២០២២ របស់ខ្លួនដែលលក់បានត្រឹមតែ ២.៣៥លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។
BYD ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផលិត និងលក់រថយន្តអគ្គិសនី (BEVs) រួមជាមួយរថយន្តអគ្គិសនីកូនកាត់ (Plug-in Hybrid) ដែលជាលទ្ធផលនៃចំនួនលក់រថយន្តអគ្គិសនីសរុបរបស់ BYD សម្រាប់ឆ្នាំ២០២៣នេះរួមមាន រថយន្តអគ្គិសនីទូទៅលក់បានចំនួន ១.៦លានគ្រឿង និងរថយន្តអគ្គិសនីប្រភេទ Plug-in Hybrid លក់បានចំនួន ១.៤លានគ្រឿង។ ដោយឡែកតាមរយៈការបង្ហើបពី BYD បានឱ្យដឹងសន្ទុះដាក់លក់រថយន្តអគ្គិសនីរបស់គេគិតត្រឹមចុងឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ពោលគឺក្នុងខែធ្នូ BYD បានដាក់លក់រថយន្តអគ្គិសនីទូទៅបានរហូតដល់ទៅចំនួន ១៩០,៧៥៤គ្រឿង និងរថយន្តអគ្គិសនីប្រភេទ Plug-in Hybrid បានចំនួន ៣៤០,១៧៨គ្រឿងសម្រាប់តែរយៈពេលមួយខែប៉ុណ្ណោះ។
គួរជម្រាបដែរថា ខាងលើនេះគឺជា លទ្ធផលបឋមពីក្រុមហ៊ុន BYD ខណៈលទ្ធផលផ្លូវការនៅមិនទាន់ចេញផ្សាយនៅឡើយនោះទេ។ តែយ៉ាងក្នុងចំនួនកើនឡើងដល់ទៅជិត ៦២ភាគរយសម្រាប់ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា ទៅអនាគត BYD នឹងកាន់តែខិតជិតជាមួយនឹងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សអាមេរិក Tesla ជាមួយនឹងតម្លៃ គុណភាព និងសុវត្ថិភាព ដែលក្រុមហ៊ុនចិនផ្តល់ជូនជាពេលខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews






