អង្គការ WCS៖ កម្ពុជាគឺទីជម្រកចុងក្រោយដ៏សំខាន់បំផុតសម្រាប់សត្វក្រៀល
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សត្វក្រៀល ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វស្លាបដែលខ្ពស់ជាងគេបំផុតលើពិភពលោក វាអាចហោះហើរបាន ប៉ុន្តែយ៉ាងណាពួកវាមិនអាចទំនៅលើដើមឈើបានទេ។ ពេលដែលពួកវាដេកគឺដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។
សត្វក្រៀល មានសម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើ និងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុត និងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើងពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោល ឬ ញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែញីមានមាឌតូចជាងឈ្មោលបន្តិច។ ដោយឡែកសត្វក្រៀលត្រូវបានចាត់ ជាប្រភេទសត្វងាយរងគ្រោះ។
សត្វក្រៀលអាចមានកម្ពស់ចាប់ពី ១៥៥-១៨០សង់ទីម៉ែត្រ មានទម្ងន់ ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។
នៅក្នុងប្រទេសកម្ពុជា តាមរយៈការធ្វើជំរឿនសត្វក្រៀល គេបានប៉ាន់ប្រមាណថាវាមានចំនួនក្រោម ៣០០ក្បាល តែប៉ុណ្ណោះ។ ចំណីរបស់វារួមមាន រុក្ខជាតិ មើមផ្លុង ស្រូវ និងភាវៈរស់ក្នុងតំបន់ដីសើមដូចជា ត្រី ក្តាម ខ្យង កង្កែប ជាដើម។
អង្គការWCS បានបញ្ជាក់ពីដំណើរជីវិតសត្វក្រៀលថា៖ ពួកវាច្រើនរស់នៅ និងបន្តពូជនៅភាគឧត្តរ និងភាគឦសាន ដូចជាខេត្ត ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងមណ្ឌលគិរីក្នុងរដូវវស្សា រួចបំលាស់ទីមកកាន់តំបន់ ទំនាបបឹងទន្លេសាប និងតំបន់ដីសណ្ដរទន្លេមេគង្គក្រោម និងតំបន់ឆ្នេរ ចាប់ពីខែវិច្ឆិកា ដល់ខែឧសភា។
សត្វក្រៀលត្រូវបានកំណត់ជាសត្វ កំពុងរងការគំរាមកំហែងជាសកលក្នុងបញ្ជីក្រហម IUCN។ ចំនួនប្រជាសាស្ត្ររបស់វានៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជិតមួយទស្សវត្សចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកសម្រាប់ពងកូននិងរកចំណី ការបំពុល ការប្រមាញ់ ការប្រមូលពងកូន និងការប្រើប្រាស់សារធាតុគីមីច្រើនហួសហេតុក្នុងប្រព័ន្ធកសិកម្មជាដើម។ ប្រទេសកម្ពុជា គឺជាទីជម្រកដ៏សំខាន់ចុងក្រោយ និងមានចំនួនសត្វក្រៀលច្រើនជាងគេក្នុងតំបន់ និងមានសេសសល់តិចតួចនៅ ប្រទេសឡាវ និងវៀតណាម។
អង្គការWCSបានឱ្យដឹងដែរថា៖ តាមរយៈរូបចម្លាក់សត្វក្រៀល លើថ្មជញ្ជាំងប្រាសាទនានាដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ គឺបានបង្ហាញយ៉ាងច្បាស់អំពីវត្តមានសត្វក្រៀលនេះរស់នៅ និងបន្តពូជនៅលើទឹកដីប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ សព្វថ្ងៃនេះប្រទេសកម្ពុជាគឺទីជម្រកចុងក្រោយដ៏សំខាន់បំផុតសម្រាប់សត្វក្រៀលក៏ទោះបីជាចំនួនប្រជាសាស្រ្តរបស់វាកំពុងតែបន្តថយចុះយ៉ាងណាក្ដី។ យ៉ាងណាមិញវត្តមានរបស់ពួកវាក៏អាចទាក់ទាញទេសចរណ៍មកពីប្រទេសនានាចូលកម្ពុជាដើម្បីទស្សនា និងជាផ្នែកមួយលើកស្ទួយកម្រិតជីវភាពសម្រាប់សហគមន៍មូលដ្ឋានផងដែរ។
អង្គការមួយនេះបានលើកឡើងដែរថា៖ «យើងរាល់គ្នាគួរតែមានមោទកភាពដែលប្រទេសកម្ពុជាមានវត្តមានសត្វប្រភេទនេះ។ សូមចូលរួមក្នុងកិច្ចការងារអភិរក្សសត្វព្រៃដោយគ្រាន់តែ ចែករំលែកនូវព័ត៌មានអំពីជីវៈសាស្រ្តសត្វនេះ និងសូមកុំជាវទំនិញឬផលិតផលដែលផលិតចេញពីសត្វព្រៃ»៕ ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP





