Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

លោក ពូទីន ប្រកាសផ្តល់សញ្ជាតិដល់ជនបរទេស ដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ី

BY Khmerpress January 5, 2024
លោក ពូទីន ប្រកាសផ្តល់សញ្ជាតិដល់ជនបរទេស ដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ី

(មូស្គូ)៖ ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងអនុញ្ញាតឲ្យជនបរទេស ដែលជួយធ្វើសង្រ្គាមដើម្បីរុស្ស៉ីនៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤។

បទបញ្ជានេះមានខ្លឹមសារថា អ្នកដែលបានចុះកុងត្រាចូលរួមធ្វើ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនដោយយ៉ាងហោចណាស់បាន ១ឆ្នាំ អាចដាក់ពាក្យសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៉ី សម្រាប់ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ ការអនុវត្តនេះមានតែចំពោះអ្នកដែលបានចុងកុងត្រាមួយកងកម្លាំងប្រដាប់អាវុធទូទៅ ឬក្រុមយោធាផ្សេងទៀត ដូចជាក្រុមទាហានស៊ីឈ្នួល Wagner ជាដើម។ វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្ត សម្រាប់ជនបរទេសដែលធ្លាប់មានបទពិសោធផ្នែកយោធា ឲ្យមកចូលរួមក្នុងជួរទាហានរុស្ស៉ីថែមទៀត។

គួរបញ្ជាក់ថា មូស្គូមិនបានផ្សព្វផ្សាយពីទិន្នន័យនៃចំនួនជនបរទេស ដែលកំពុងប្រយុទ្ធដើម្បីរុស្ស៉ីនៅអ៊ុយក្រែននោះទេ។ តែបើតាមសេចក្តីរាយការណ៍របស់ Reuters កន្លងមក ជនជាតិគុយបា បានចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ពរុស្ស៉ី ជាថ្នូរនឹងប្រាក់រង្វាន់ដែលមានចំនួនច្រើនជាង ១០០ដងនៃប្រាក់បៀវត្សរ៍ជាមធ្យមប្រចាំខែ នៅឯគុយបា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: