Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតបានជាង១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេសនិងផ្គត់ផ្គង់នៅក្នុងស្រុក

    BY Khmerpress January 5, 2024
    ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតបានជាង១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេសនិងផ្គត់ផ្គង់នៅក្នុងស្រុក

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតសម្រេចបានជាង១០០តោន សម្រាប់នាំចេញទៅក្រៅប្រទេសនិងផ្គត់ផ្គង់នៅក្នុងស្រុក ដោយមានផលិតជាប្រភេទស្ករម្សៅនិងប្រភេទស្ករសាច់។

    លោក វី វាសនា ជំនួយការសមាគមស្ករត្នោតកំពង់ស្ពឺ បានមានប្រសាសន៍ថា សមាគម ផលិតស្ករត្នោតម្សៅដែលជាស្ករសម្រាប់នាំចេញ បានចំនួនជាង៧០តោនប៉ុណ្ណោះ ដោយសារឆ្នាំនេះ ភ្លៀងធ្លាក់តាំងពីដើមឆ្នាំ ដែលធ្វើប៉ះពាល់ដល់ដំណើរការផលិត ស្ករត្នោត តែទោះជាយ៉ាងណាក៏សមាគមព្យាយាមផលិតឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ។

    លោកបានបន្តថា សម្រាប់នៅក្នុង ២០២៣ ចំនួនអ្នកផលិតស្ករត្នោត មានជាង៥០គ្រួសារ ដែលមានភាពប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០២២ ដូច្នេះចំពោះការផលិតស្ករម្សៅនិងស្ករសាច់ ក៏នៅតែមានបរិមាណប្រហាក់ប្រហែលទៅនឹងឆ្នាំ២០២២ដែរ ។ ក្នុងនោះ នៅក្នុងឆ្នាំ២០២៣ សមាគម បាននាំចេញស្ករម្សៅទៅកាន់ប្រទេសចំនួន៩ រួមមាន៖ បារាំង អាល្លឺម៉ង់ កាណាដា ជប៉ុន កូរ៉េ ចិន តៃវ៉ាន់ ម៉ាឡេស៊ី ថៃ និងវៀតណាម ។

    « សម្រាប់កាលពីឆ្នាំទៅ ២០២២ស្ករម្សៅនេះគឺនាំចេញទៅក្រៅប្រទេសប្រមាណ៧០តោន ហើយលក់នៅក្នុងប្រទេសជាង៣០តោនគឺស្ករសាច់ ដោយឆ្នាំ២០២៣ គឺមានការនាំចេញស្ករម្សៅចំនួន៧៣តោនទៅក្រៅប្រទេស និងលក់នៅក្នុងស្រុកប្រមាណ៣០តោន គឺមានភាពប្រហាក់ប្រហែលគ្នាមិនឡើងចុះច្រើនអីនោះទេ ដោយបរិមាណនាំចេញទៅក្រៅប្រទេសនេះ គឺមាន៩ប្រទេស សុទ្ធសឹងតែជាស្ករត្នោតប្រភេទម្សៅ ហើយសម្រាប់ស្ករសាច់ភាគច្រើនគឺផ្គត់ផ្គង់នៅក្នុងស្រុកប្រមាណជា៣០តោនទៀត » ។

    សូមបញ្ជាក់ថា សមាគមស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅកម្ពុជាតាំងពីឆ្នាំ២០១០ ដំណាលគ្នាជាមួយម្រេចកំពត ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដំបូងគេបំផុតដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ។ ក្រោយមកទៀត ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅប្រទេសថៃ វៀតណាម នៅឆ្នាំ២០១៩ នៅក្នុងសហភាពអឺរ៉ុប ដែលទទួលបានការការពារយ៉ាងពេញទំហឹងប្រឆាំងនឹងការប្រើប្រាស់មិនត្រឹមត្រូវ ទំនិញក្លែងក្លាយ ឬការដកហូតឈ្មោះរបស់ខ្លួនមកវិញ ដើម្បីធានាដល់អ្នកប្រើប្រាស់ឱ្យគាត់អាចរីករាយនឹងស្ករត្នោតកំពង់ស្ពឺពិតប្រាកដ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: