បុស្បុកតម្កល់រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារ នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែមករា
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានឱ្យដឹងថា បុស្បុកតម្កល់រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ និងពិធីពុទ្ធាភិសេកព្រះពុទ្ធប្បដិមាថ្មីនៅក្នុងសាលាឆទាន នៅគល់ស្ពានទេ ត្រើយខាងត្បូង ស្ថិតក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នឹងត្រូវសម្ពោធបើកជាផ្លូវការនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា សំណង់បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ នេះមានទំហំខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់១,៦៨ម៉ែត ធ្វើអំពីស្ពាន់ និងមានរៀបចំសួនច្បារ ដាំដើមឈើ ខឿនសួន បង្គោលភ្លើង ចំណតរថយន្ត ម៉ាប និងការងារតុបតែងលំអស្ពាន ៕ ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ



