សត្វក្រៀលជាង ២០ក្បាល បានមកដល់តំបន់ការពារទេសភាពអន្លង់ព្រីង
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីអង្គការ Nature Life បានឱ្យដឹងនៅថ្ងៃអាទិត្យ ១១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ថា សម្រាប់អ្នកទេសចរសត្វស្លាប នៅពេលនេះអ្នកអាចមកទស្សនាសត្វក្រៀលបានហើយ។
មានសត្វក្រៀលច្រើនជាង២០ក្បាលបានមកដល់តំបន់ការពារទេសភាពអន្លង់ព្រីង ពួកវាកំពុងរកចំណីក្នុងតំបន់អភិរក្ស និងក្នុងស្រែស្រូវមិត្តក្រៀល ហើយក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា បាននិងកំពុងអភិរក្សសត្វក្រៀល ដែលកំពុងរងគ្រោះឈានទៅជិតផុតពូជនិងទីជម្រករបស់វានៅតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នេះដែរ ។
សត្វក្រៀលគឺជាសត្វស្លាប ដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ ៥-១២គីឡូក្រាម និង ប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹង នៅទីតាំងជិតៗកន្លែងរកចំណីរបស់វា នៃតំបន់ដីសើម ។ សត្វក្រៀលមានសម្បុរប្រផេះលើដងខ្លួន ក ផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ផ្នែកខាងលើបំផុត និងត្រចៀកមានពណ៌ប្រផេះស្រាល ។ កូនក្រៀលមានមាឌតូចបន្តិច និង មានពណ៌ត្នោតនៅចំក្បាលរបស់វា ។ យើងពិបាកសម្គាស់ថា សត្វក្រៀលណាជាឈ្មោល ឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែសត្វក្រៀលញីមានមាឌតូច ជាងសត្វក្រៀលឈ្មោលបន្តិច ។ សត្វក្រៀលត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះ ។
តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុប ២១៧ហិកតា ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ។ តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ។ វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀត ដូចជា សត្វខ្វែកសមុទ្រស្លាបឆ្នូត ស, ទាព្រៃក្បាលឆ្នូត ស ផងដែរ ។ អរគុណ Mandai Nature Bird Life International Asia និង Keidenren Nature Conservation Fund ដែលបានគាំទ្រហិរញ្ញវត្ថុដល់សកម្មភាពនេះ ៕ ប្រភព៖ ក្រសួងព័ត៌មាន

