Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    របាយការណ៍! ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ខណៈខេត្តចំនួន៤១ របស់ថៃ គ្របដណ្តប់ដោយខ្យល់មិនសូវមានគុណភាពល្អ

    BY Khmerpress January 9, 2024
    របាយការណ៍! ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ខណៈខេត្តចំនួន៤១ របស់ថៃ គ្របដណ្តប់ដោយខ្យល់មិនសូវមានគុណភាពល្អ

    (ភ្នំពេញ)៖ យោងតាមការផ្សព្វផ្សាយរបស់ការសែតបាងកកប៉ុស្តិ៍ ក្រោមចំណងជើងថា «កម្រិតភាគល្អិតនិចល PM2.5 មិនមានសុវត្ថិភាព នៅស្ទើរគ្រប់ខេត្តទាំងអស់»។ ដោយឡែកស្ថានភាពគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អនៅឡើយ។

    សេចក្តីរាយការណ៍ បានបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ មានខេត្តចំនួន៤១ ក្នុងចំណោម៧៧ខេត្ត ប្រទេសថៃ ត្រូវបានគ្របដណ្តប់ដោយភាគល្អិតនិចល PM2.5 លើកម្រិតសុវត្ថិភាព ដែលភាពច្រើន នៅតំបន់ទំនាបកណ្តាលនៃប្រទេស។ កម្រិតមិនមានសុវត្ថិភាព PM2.5 មានពី 38.1 ទៅ 112.3 µg/m3 នៅក្នុងខ្យល់រយៈពេល២៤ម៉ោង ដែលកម្រិតសុវត្ថិភាពនេះលើសពីការកំណត់របស់រដ្ឋាភិបាល ត្រឹម 37.5 µg/m3។

    លោក ជា ណារ៉ា ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃក្រសួងបរិស្ថាន បានពន្យល់ថា «ភាគល្អិតនិចល PM2.5» ជាប្រភេទសារធាតុបំពុលខ្យល់ដែលមានអង្កត់ផ្ចិត ២,៥ μm ឬតូចជាង គឺជាភាគល្អិតដែលមានគ្រោះខ្លាំងចំពោះសុខភាព ដោយសារវាអាចឆ្លងកាត់ ភ្នៀសកោសិកាសួត ហើយជ្រៀតចូល និងស្ថិតនៅជ្រៅក្នុងសួត។ មានជំងឺមួយចំនួនដែលបណ្តាលមកពីការប៉ះពាល់ជាមួយភាគល្អិត ក្នុងរយៈពេលវែងដូចជាប៉ះពាល់ដល់ទារក (កើតមុនកំណត់ ទំងន់មិនគ្រប់) ជំងឺផ្លូវដង្ហើមចំពោះកុមារ ទឹកនោមផ្អែម ក្រិនសរសៃឈាម ការវិវឌ្ឍប្រព័ន្ធប្រសាទ និងសមត្ថភាពខួរក្បាល។

    សូមបញ្ជាក់ថា នារដូវរំហើយចាប់ពីខែធ្នូ មករា និងកម្ភៈ រៀងរាល់ឆ្នាំ យើងពិនិត្យឃើញមានការកើនឡើងនូវកម្រិតភាគល្អិតនិចល PM2.5 នៅតាមតំបន់មួយចំនួន មូលហេតុដោយសារការដុតព្រៃធ្វើចំការ ការឆេះទីលានចាក់សំរាម ការដុតសំណល់កសិកម្ម។ល។

    ការស្រូបចូលតាមផ្លូវដង្ហើមភាគល្អិតនិចល PM2.5 ក្នុងលើសកម្រិត អាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ វិធានការការពារ នៅពេលដែលកម្រិត PM2.5 កើនឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ត្រូវដាក់ខ្លួនឱ្យស្ថិតនៅក្នុងផ្ទះ ក្នុងករណីចាំបាច់ចេញទៅខាងក្រៅ ត្រូវពាក់ម៉ាស់ការពារប្រភេទ N95៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: