Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ បណ្ដាលឱ្យអ្នកបើកបរបាត់បង់ជីវិត ក្រោមការគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍, ជនបង្ក២នាក់រត់គេចខ្លួនជាង៧ខែ ត្រូវបានបង្ក្រាប

    BY Khmerpress January 10, 2024
    កម្លាំងនគរបាលខេត្តព្រៃវែង បំបែកសំណុំរឿងគប់កញ្ចក់រថយន្ដ បណ្ដាលឱ្យអ្នកបើកបរបាត់បង់ជីវិត ក្រោមការគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍, ជនបង្ក២នាក់រត់គេចខ្លួនជាង៧ខែ ត្រូវបានបង្ក្រាប

    (ព្រៃវែង)៖ សំណុំរឿងគប់កញ្ចប់រថយន្ដបណ្ដាលឲ្យអ្នកបើកបរស្លាប់ កាលពី៧ខែមុន ដែលបានកើតឡើងនៅស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីចុងខែមេសា ឆ្នាំ២០២៣កន្លងទៅ នៅពេលនេះត្រូវបានកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្ត ស្រាវជ្រាវបង្ក្រាបបានដោយជោគជ័យ ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ចំនួន២នាក់។

    ចំពោះករណីនេះ ក្រោយកើតហេតុគេគិតថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ដោយជនរងគ្រោះបើករថយន្តធ្លាក់ចូលប្រឡាយស្លាប់ ប៉ុន្តែធាតុពិតជារឿងគប់កញ្ចក់រថយន្ត។ នេះបើបំបែកសំណុំរឿងមិនបានទេ ជនរងគ្រោះស្លាប់ដោយអយុត្តិធម៌ជាទីបំផុត និងលាក់បាំងជារៀងរហូត។

    លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា នេះជាស្នាដៃក្នុងការបំបែកសំណុំរឿងមួយរបស់កម្លាំងនគរបាលខេត្ត ដែលដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង និងសម្របសម្រួលពីលោកព្រះរាជអាជ្ញា ដែលបានខិតខំលះបង់កម្លាំងកាយ ចិត្តថាមពលសព្វគ្រប់បែបយ៉ាង ជិះទូកឆ្លងសមុទ្រតាមចាប់ដល់លើកោះរ៉ុង ឆ្លងកាត់៥ខេត្ត-ក្រុងផ្សេងទៀត ទម្រាំតែអាចចាប់ខ្លួនបាន។

    លោកស្នងការបានអះអាងថា ដោយគោរពតាមបទបញ្ជាពីថ្នាក់លើ កម្លាំងបានដាក់ចិត្តដាក់កាយតាមប្រមាញ់ឲ្យខានតែបាន ដែលផ្ដើមចេញពីសុំណុំរឿងដ៏ស្មុគស្មាញនេះ កម្លាំងនគរបាលបានបំបែកសំបុក បក្ខពួកក្រុមជនអន្ធពាលទាំងនេះ ជាហូរហែរចាប់ខ្លួនបានជាង១០នាក់ផ្សេងទៀតករណីផ្សេងគ្នា ប៉ុន្តែពួកគេជាបក្ខពួកខ្សែស្រឡាយជនអន្ធពាលជាមួយគ្នា និយាយរួមគឺបំបែកបានមួយសំបុកតែម្ដង។

    ផ្អែកតាមការសួរចម្លើយ ជនសង្ស័យបាននិយាយថា តាមពិតពួកគេមិនមានបំណងចង់គប់កញ្ចក់ឡានទេ ដោយសារតែតៃកុងឡានកុងទីន័រ បើកភ្លើងហ្វាចាំងភ្នែកពេក ពួកខ្លួនក៏គប់ដុំថ្មឲ្យចំកញ្ចក់តែម្ដងទៅទុកជាការព្រមាន ដោយមិនបានដឹងថា គប់ចំតៃកុងឡាន ធ្លាក់ផ្លូវស្លាប់នោះឡើយ។ រីឯដុំថ្មដែលពួកខ្លួនរក្សាទុកនោះ គឺទុកការពារខ្លួនពីសត្រូវរបស់ខ្លួនដែលជាជនអន្ធពាលដូចគ្នាតែប៉ុណ្ណោះ។

    លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជួយដោះស្រាយសំណងរដ្ឋប្បវេណីដោយហៅគ្រួសារជនរងគ្រោះ និងគ្រួសារជនសង្ស័យមកសម្របសម្រួល ដោយទទួលសំណងបានជិត១០លានរៀល រីឯចំណាត់ការផ្លូវច្បាប់វិញ ត្រូវបានតុលាការខេត្តព្រៃវែង សម្រេចឃុំខ្លួនជនសង្ស័យទាំង២នាក់បណ្ដោះអាសន្ត ហើយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

    ជាមួយគ្នានេះ លោកបានបង្ហាញការប្ដេជ្ញាចិត្ត ក្នុងការគោរពតាមបទបញ្ជាថ្នាក់លើគ្រប់លំដាប់ថ្នាក់នូវការអនុវត្តន៍គោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឲ្យបានល្អម៉ឺងម៉ាត់បំផុត និងសំណូមពរដល់ប្រជាពលរដ្ឋមេត្តា ចូលរួមផ្ដល់ព័ត៌មានពីបញ្ហានៅតាមមូលដ្ឋានរបស់ខ្លួន មកកាន់នគរបាលដែលនៅជិតបំផុត ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ និងរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាន់ពេលវេលា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: