ព័ត៌មានអន្តរជាតិ January 10, 2024

ត្រឹមតែសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ចំនួនលក់ iPhone 15 នៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះខ្ទង់ ៣០ភាគរយ ខណៈ Huawei កំពុងមានសន្ទុះគាំទ្រខ្លាំង

Khmerpress

(បរទេស)៖ ប្រភពពីអ្នកវិភាគទីផ្សារស្មាតហ្វូនដ៏ល្បី Jefferies បានឱ្យដឹងថា ទីផ្សារ iPhone 15 នៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងចំនួនដ៏ច្រើនបំផុតមួយដល់ទៅខ្ទង់ ៣០ភាគរយឯណោះ ហើយការធ្លាក់ចុះនេះត្រូវបានគេរំពឹងថា វានឹងបន្តរហូតដល់ដាច់ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។

Apple ធ្លាប់តែក្រុមហ៊ុនដាក់លក់ iPhone បានចំនួនច្រើនជាងគេនៅទូទាំងពិភពលោក ហើយក៏ជាអ្នកកាន់កាប់ទីផ្សារស្មាតហ្វូនច្រើនជាងគេក្នុងប្រទេសចិនផងដែល តាមរយៈចំនួនលក់កន្លងមក។ តែយ៉ាងណាក្រោយក្រុមហ៊ុនចិន Huawei ចាប់ផ្តើមប្រឡូកចូលវិស័យស្មាតហ្វូនវិញ ឃើញថាចំនួនលក់ iPhone នៅប្រទេសចិនចាប់ផ្តើមប្រែប្រួលតែម្តង។

ផ្ទុយទៅវិញ Huawei បានបង្ហាញពីកំណើននៃចំនួនលក់របស់ខ្លួនជាបន្តបន្ទាប់ ជាក់ស្តែងបានកើនឡើងស្ទើរតែពីមួយត្រីមាស ទៅមួយត្រីមាស ហើយពិសេសទៀតនោះ គឺចាប់តាំងពីស្មាតហ្វូនកំពូលត្រកូល Mate 60 បានឈានជើងចូលទីផ្សារ ឃើញថាសន្ទុះនៃអ្នកប្រើប្រាស់ Huawei ក្នុងប្រទេសចិនកើនឡើងកាន់តែខ្លាំង។

យ៉ាងណាមិញជុំវិញរបាយការណ៍ពីចំនួនលក់ iPhone 15 គ្រប់ម៉ូដែល ក្រុមហ៊ុន Apple នៅមិនទាន់មានការបង្ហាញនៅឡើយនៅទេ។ ដោយឡែកចំពោះចំនួនលក់ធ្លាក់ចុះបែបនេះ ត្រូវបានប្រភពពីអ្នកវិភាគដដែលបង្ហើបថា នេះទំនងមកពីគោលការណ៍ប្រើប្រាស់ថ្មីក្នុងប្រទេសចិន ដោយអ្នកប្រើប្រាស់ភាគច្រើនស្នេហាជាតិ នឹងងាកទៅប្រើប្រាស់ជាមួយនឹងប្រព័ន្ធដំណើរការ «Made-in-China» ជំនួសវិញ។

គួរជម្រាបដែរថា Jefferies បានធ្វើការប៉ាន់ប្រមាណថា ចំនួនដាក់លក់ស្មាតហ្វូនពីក្រុមហ៊ុន Huawei ក្នុងឆ្នាំ២០២៤នេះ នឹងកើនឡើងដល់ ៣៥លានគ្រឿង ហើយអាចនឹងច្រើនជាងនេះបន្ថែមទៀត ប្រសិនបើមិនមានឧបសគ្គកើតឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews​