សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកដល់ស្ត្រីមួយចំនួនលក់ផលិតផលអនឡាញ មិនត្រូវធ្វើឱ្យប៉ះពាល់វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរឡើយ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់ស្ត្រីមួយចំនួនលក់ផលិតផលអនឡាញ មិនត្រូវធ្វើឱ្យប៉ះពាល់វប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរឡើយ។ សម្តេច មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការ នារី ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ក្មួយប៉ុន្មានរូបត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយជ្រុលនៅក្នុងប្រព័ន្ធបណ្ដាញសង្គម អំពីការលក់ផលិតផលដែលហួសហេតុ។ ពិតណាស់សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធរបស់នារីត្រូវបានលើកតំកើន ប៉ុន្តែយើងក៏ត្រូវមានកាតព្វកិច្ច ក្នុងការថែរក្សា និងការពារនូវតម្លៃសង្គម តម្លៃវប្បធម៌ ប្រពៃណី ជាពិសេសតម្លៃស្ត្រីខ្មែរ ទោះបីជាប្រទេសរបស់យើង អភិវឌ្ឍន៍ថ្ងៃក្រោយដល់ណាក៏ដោយ ខ្ញុំគិតថាអត្តសញ្ញាណជាខ្មែររបស់យើងមិនត្រូវបាត់ទេ។ ពិភពលោកពិតណាស់ សកលភាវូបនីយកម្ម នៅស្ដង់ដារសម្ភារ ស្ដង់ដារនៃការសិក្សា ស្ដង់ដារនៃតម្លៃទីផ្សារ និងតម្លៃមួយចំនួនវាអាចប្រមូលផ្ដុំជាមួយគ្នាបាន ការអនុវត្តគោលនយោបាយទីផ្សារសេរី ការអនុវត្តលទ្ធប្រជាធិបតេយ្យមួយចំនួន ប៉ុន្តែនៅលើពិភពលោកនេះ គ្មានគោលដៅស្ដង់ដារណាមួយ ដែលអាចអនុវត្ត ឱ្យអនុវត្តគ្រប់ប្រទេសទាំងអស់ទេ គឺត្រូវគោរពនូវតម្លៃមូលដ្ឋានផង ៕