ករណីក្មេងស្ទាវដេញកាប់គ្នា ហើយបុកចូលរថយន្ដអ្នកដំណើរនៅស្រុកជើងព្រៃ កម្លាំងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប ជនដៃដល់ ៦នាក់
(ភ្នំពេញ)៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៤៧នាទី ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនអ្នកសារព័ត៌មាន សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គម ករណីក្មេងស្ទាវពីរក្រុមដេញកាប់គ្នាយ៉ាងអណាធិបតេយ្យ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំសង្កែពង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយភាគីម្ខាងបានគេចទៅបុករថយន្ដអ្នកដំណើរដែលមកពីបញ្ច្រាសទិស បណ្ដាលឲ្យស្លាប់ម្នាក់។


ភ្លាមៗនោះ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវស៊ើបអង្កេត ហើយបានធ្វើការសន្និដ្ឋាន និងវាយតម្លៃបានថា ករណីនេះបង្កឡើងដោយមានក្មេងមួយក្រុម បានឈប់រង់ចាំស្ទាក់នៅចំណុចកន្លែងកើតហេតុ ហើយបានបញ្ចេញសកម្មភាពយកកាំបិតគប់ទៅលើអ្នកបើកបរម៉ូតូ ដែលជាភាគី ក្រុមម្ខាងទៀត ជិះម៉ូតូ០១គ្រឿង មានគ្នាចំនួន០២នាក់ ខណៈនោះអ្នកបើកម៉ូតូដែលមានគ្នាពីរនាក់នោះ បានបើកគេចទៅខាងឆ្វេងដៃ បុកជាមួយរថយន្ត ០១គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងរបួសធ្ងន់ ០១នាក់។ បន្ទាប់មកក្រុមក្មេងមួយក្រុមនោះបានជិះម៉ូតូរត់គេចខ្លួនពីកន្លែងកើតហេតុ ។
ក្រោយពីហេតុការណ៍នេះកើតឡើងភ្លាម លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ រួមនឹងវត្ថុតាង ។
*ទី១៖ ឈ្មោះ តន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិចំបក់ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី២៖ ឈ្មោះ ប៉ាល យ៉ុងស៊ី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៣៖ ឈ្មោះ ម៉ៅ តែម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
*ទី៤៖ ឈ្មោះ អាត សុខនាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងរៀបចំប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕










ប្រភព៖ ខ្មែរណូត
