Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

UN អំពាវនាវរកថវិកាជាង៤ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយដល់អ៊ុយក្រែន និងគាំទ្រជនភៀសខ្លួនរាប់លាននាក់

BY Khmerpress January 15, 2024
UN អំពាវនាវរកថវិកាជាង៤ពាន់លានដុល្លារ ដើម្បីយកទៅផ្តល់ជំនួយដល់អ៊ុយក្រែន និងគាំទ្រជនភៀសខ្លួនរាប់លាននាក់

(ហ្សឺណែវ)៖ នាថ្ងៃចន្ទនេះ អង្គការសហប្រជាជាតិ (UN) និងបណ្តាដៃគូរបស់ខ្លួន បានអំពាវនាវរកថវិកាសរុបចំនួន ៤.២ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់ ប្រជាជនដែលកំពុងតែបន្តរងទុក្ខវេទនា ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំង​ដើម្បីជួយជនភៀសខ្លួនអ៊ុយក្រែនរាប់លាននាក់ផ្សេងទៀត ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ OCHA បាននិយាយថា មនុស្សប្រមាណជាង១៤.៦លាននាក់ ឬស្មើ៤០ភាគរយ នៃចំនួនប្រជាជនអ៊ុយក្រែនសរុប នឹងត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ២០២៤នេះ ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ យោងតាម OCHA ប្រហែល៣.៣លាននាក់ ក្នុងចំណោមអ្នកត្រូវការជំនួយទាំងនោះ គឺកំពុងរស់នៅតាមសហគមន៍ក្បែរតំបន់សមរភូមិមុខ ក្នុងភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន ដោយរាប់បញ្ចូលទាំងទឹកដី ដែលស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី។

គួរបញ្ជាក់ថា ក្នុងសេចក្តីអំពាវនាវរៃអង្គាសរកថវិកា OCHA ស្នើសុំ៣.១ពាន់លានដុល្លារ ដើម្បីយកទៅជួយមនុស្សប្រមាណ៨.៥លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ចាំបាច់ខ្លាំង ក្នុងឆ្នាំ២០២៤។ រីឯទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់ UN ស្នើសុំ១.១ពាន់លានដុល្លារ ដើម្បីយកទៅគាំទ្រដល់ ជនភៀសអ៊ុយក្រែនខ្លួន២.៣លាននាក់ និងសហគមន៍ដែលផ្តល់កន្លែងឱ្យពួកគេជ្រកកោន។ OCHA បានបន្ថែមថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានផ្ទុះឡើង តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២ បានបង្ខំមនុស្សសរុបប្រហែល៦.៣លាននាក់ រត់ភៀសខ្លួន​ចេញទៅក្រៅប្រទេស ខណៈនៅក្នុងប្រទេសផ្ទាល់ គឺ៤លាននាក់ ក្នុងនោះមានកុមារជិត ១លាននាក់ នៅបន្តព្រាត់ប្រាសពីផ្ទះសម្បែង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: