FIFA ត្រៀមប្រកាសកាលបរិច្ឆេទដែលមាន ១០៤ប្រកួតនៅ World Cup 2026 នាថ្ងៃទី៤-កុម្ភៈ
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងធ្វើការប្រកាសពីកាលបរិច្ឆេទប្រកួតផ្លូវការសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលមានដល់ទៅ ១០៤ប្រកួតសរុបនៅ ៣ប្រទេសផ្សេងគ្នានាដើមខែក្រោយនេះ។
តាមរយៈការចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនបានបញ្ជាក់ថា FIFA នឹងប្រកាសពីកាលបរិច្ឆេទសម្រាប់ World Cup លើកទី២៣ ឆ្នាំ២០២៦ នៅប្រទេសមិចសិច សហរដ្ឋអាមេរិក និងកាណាដានោះ នឹងធ្វើការដាក់ចេញជាផ្លូវការនារសៀលថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) រួមទាំងទីតាំងប្រកួតបើកឆាក និងផ្តាច់ព្រ័ត្រក្នុងប្រទេសនីមួយៗផងដែរ។
ការប្រកាសពីកម្មវិធីចាប់ផ្តើមនេះដែរ នឹងធ្វើឡើងក្នុងកម្មវិធីពិសេសមួយរបស់ FIFA ដ្បិតវគ្គផ្តាច់ព្រ័ត្រត្រូវបានសម្រេចរួចហើយ នឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដ្បិត World Cup ២២សម័យកាលមកនេះ តែងតែប្រារព្វធ្វើឡើងនៅចន្លោះខែមិថុនា និងខែកក្កដា លើកលែងតែ World Cup 2022 ធ្វើនៅចន្លោះខែវិច្ឆិកា និងខែធ្នូ ដោយសារប្រទេសកាតាមានអាកាសធាតុក្តៅខ្លាំងនៅចន្លោះខែខាងលើ។
សូមរំលឹកផងថា World Cup 2026 នឹងមាន ៤៨ក្រុម (ប្រទេស) ចូលរួមលេងវគ្គចែកពូល ដោយសហម្ចាស់ផ្ទះ ៣ប្រទេសរួមគ្នាផងដែរនៅតំបន់អាមេរិកខាងជើង (CONCACAF) ស្របពេលបច្ចុប្បន្នក្រុមទាំង ៦តំបន់ដែលជាសមាជិករបស់ FIFA បានកំពុងប្រកួតជម្រុះយ៉ាងសស្រាក់សស្រាំ ក្នុងការប្រជែងកៅដែលនៅសល់រយៈពេលតែ ២ឆ្នាំទៀតប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews



