ព័ត៌មានអន្តរជាតិ January 19, 2024

Google ត្រៀមបញ្ចេញមុខងារ Circle to Search ថ្មី ដំណើរការដោយ AI នៅចុងខែនេះ

Khmerpress

(បរទេស)៖ ទន្ទឹមនឹងព្រឹត្តិការណ៍សម្ពោធស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Samsung ម្សិលមិញនេះ ក្រុមហ៊ុន Google ក៏បានបង្ហាញមុខងារ AI ថ្មីដែលត្រៀមដាក់ចេញក្នុងពេលឆាប់ៗខាងមុខផងដែរ។ មុខងារថ្មីនេះ មានឈ្មោះថា « Circle to Search » ដែលវានឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវជម្រើសស្វែងរកកាន់តែងាយស្រួលជាងមុន ខណៈ Google បញ្ជាក់ថា នឹងមាននៅលើ Galaxy S24 និង Pixel 8 ដំបូងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

តាមរយៈវីដេអូផ្សព្វផ្សាយអំពីមុខងារ Circle to Search ថ្មីរបស់ Google បានបង្ហាញពីវិធីសាស្រ្តមួយចំនួនក្នុងការប្រើប្រាស់រួមមាន គូសជារង្វង់, ចុចលើអក្ស, គូស highlight, សរសេរអក្សរលើរូបភាព ឬ វីដេអូ នោះវានឹងចូលទៅកាន់កន្លែងស្វែងរក ឬ Search បានដោយកាន់តែងាយស្រួល ដោយមិនចាំបាច់បើកទំព័រថ្មីនោះទេ។ មុខងារថ្មីនេះ ដំណើរការដោយ AI-powered multisearch របស់ Google ផ្ទាល់ ហើយវាមានសម្រាប់តែស្មាតហ្វូន Android ស៊េរីទំនើបប៉ុណ្ណោះ។

គួរជម្រាបដែរថា Google ត្រៀមដាក់ដំណើរការ Circle to Search នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ។ ដោយការដាក់ដំណើរការដំបូងនេះមានសម្រាប់តែស្មាតហ្វូនស៊េរីទំនើបប៉ុណ្ណោះ ចំពោះស្មាតហ្វូន Android ដទៃទៀតនឹងអាចទៅដល់នៅពេលក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews