Amazon បញ្ឈប់បុគ្គលិកប្រហែល ៥ភាគរយនៅអង្គភាពបុត្រសម្ព័ន្ធ
(បរទេស)៖ គិតត្រឹមពាក់កណ្តាលខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន e-commerce យក្សអាមេរិក Amazon បានប្រកាសបញ្ឈប់បុគ្គលិកនៅក្នុងអង្គភាពបុត្រសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់។ ដោយឡែកក្នុងថ្ងៃនេះ Amazon កំពុងបញ្ឈប់បុគ្គលិកបន្ថែមទៀតនៅអង្គភាព Buy with Prime ប្រហែល ៥ភាគរយ ដែលជាចំនួនដូចគ្នាទៅនឹងការប្រកាសក្នុងសប្តាហ៍មុន ជាមួយនឹងការបញ្ឈប់បុគ្គលិកនៅ Audible។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
ប្រភពផ្ទៃក្នុងក្រុមហ៊ុន Amazon បានឱ្យដឹងថា ការបញ្ឈប់នេះនឹងប៉ះពាល់ដល់បុគ្គលិកប្រហែល ៣០នាក់ប៉ុណ្ណោះ ខណៈអង្គភាពនេះគឺមានចំនួនបុគ្គលិកតិច។ យ៉ាងណាមិញជុំវិញការបញ្ឈប់បុគ្គលិកនជ Amazon បាននិយាយថា ចំពោះបុគ្គលិកដែលប៉ះពាល់ក្រុមហ៊ុននឹងជួយរកការងារថ្មីឱ្យទាំងក្នុងក្រុមហ៊ុនផ្ទាល់ និងក្រៅក្រុមហ៊ុន។
គួរជម្រាបដែរថា ដើមឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Amazon បានប្រកាសកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ជាក់ស្តែងក្នុងអង្គភាព Twitch នឹងកាត់បន្ថយបុគ្គលិកខ្ទង់ ៣៥ភាគរយ នៅ Audible កាត់បន្ថយ ៥ភាគរយ ខណៈអង្គភាពផ្នែកផ្សេងទៀតដូចជា Prime Video និង MGM Studios ក៏សុទ្ធតែត្រូវបញ្ឈប់បុគ្គលិកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews





