សិល្បៈ January 27, 2024

សោកស្ដាយណាស់! តារាកំប្លែងនាយស្វិត បានទទួលមរណភាពហើយ ដោយសាររោគាពាធ

Khmerpress

(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ល្បីឈ្មោះគួរសមនាយស្វិត បានទទួលមរណភាពហើយ នៅមុននេះបន្តិច ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាលអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។

យោងតាមប្រភពព័ត៌មានពីតារាចម្រៀង ចាន់ មករា ដែលជាមិត្តភក្ដិជិតស្និទ្ធ នឹងតារាកំប្លែងនាយស្វិត បានប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះថា ជាការពិតតារាកំប្លែងនាយស្វិត បានទទួលមរណភាពហើយ នៅមុននេះបន្តិច ស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិន (មន្ទីរពេទ្យព្រះកុសុមៈ) ហើយពេលនេះ កំពុងទាក់ទងទៅក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។

លោក ចាន់ មករា បានបន្តឲ្យដឹងទៀតថា តារាកំប្លែងនាយស្វិត បានចូលព្យាបាលជំងឺឡើងឈាម អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ខ្វះគ្រាប់ឈាម ហើយបានបញ្ចូលឈាមចំនួន២កំប្លោក។ ពេលបញ្ចូលឈាមហើយ បែរជាឡើងឈាមខ្លាំងរហូតដល់ខួរក្បាល ទើបមិនអាចជួយសង្គ្រោះបាន។

ដំណឹងនៃការទទួលមរណភាព របស់តារាកំប្លែងនាយស្វិត បានធ្វើឲ្យក្រុមគ្រួសារ មិត្តភក្តិ, អ្នកសិល្បៈ និងមហាជនសម្ដែងការសោកស្ដាយគ្រប់ៗគ្នា ព្រោះបានបាត់បង់ធនធានសិល្បៈ ជាពិសេសវិស័យកំប្លែង ដែលរូបលោកតែងតែបង្កនូវភាពសប្បាយរីករាយ ដល់អ្នកទស្សនាកន្លងមក។

សពតារាកំប្លែងនាយស្វិត ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតក្នុងបុរីចន្ទសុវណ្ណ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews