ព័ត៌មានជាតិ February 18, 2024

មន្ទីរកសិកម្មខេត្តកំពង់ចាម ចេញសេចក្ដីបំភ្លឺ ឆ្លើយតបសារព័ត៌មានក្នុងស្រុកមួយ ករណីការសង្ស័យលើការបែងចែកស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិ ថាមានលក្ខណៈសំងាត់

Nisaiy KP

(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចេញនូវសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបទៅសារព័ត៌មានក្នុងស្រុកមួយ ដោយបានដាក់ចំណងជើងថា “លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ជួយប្រាប់ផង តើស្រូវពូជអ៊ីអ៊ែ ពូជដំណាំ កូនរុក្ខជាតិ ចំណាយថវិកាជាតិជាង ៣០០លានរៀល ឆ្នាំ២០២៣ ចែកជូនដល់កសិករបានប៉ុន្មាននាក់ និងនៅទីកន្លែងណាខ្លះ?” ព្រមទាំងបានអធិប្បាយផ្អែកលើប្រភពគ្មានអត្តសញ្ញាណ និងបានដាក់ការសង្ស័យថាមានភាពមិនប្រក្រតីលើការបែងចែកស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិ ថាមានលក្ខណៈសម្ងាត់។


ជុំវិញករណីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមតាមដានក្នុងបណ្ដាញសង្គម មេត្តាជ្រាបដូចខាងក្រោម៖
១. ពាក់ព័ន្ធនឹងគម្រោងស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិផ្សេងៗ ដែលសារព័ត៌មានបានចុះផ្សាយនេះគឺជាតួលេខឆ្នាំ២០២២ ដែលមន្ទីរបានអនុវត្តគម្រោងនេះ តាមនីតិវិធីលទ្ធកម្មសាធារណៈត្រឹមត្រូវ ដែលបានប្រកាសឱ្យក្រុមហ៊ុនចូលរួម ដេញថ្លៃជាសាធារណៈពុំមានការលាក់បាំងឡើយ ហើយគម្រោងនេះមន្ទីរបានប្រាប់ទៅតាមមុខសញ្ញាជាច្រើន ក្នុងការជួយប្រជាពលរដ្ឋ និងសហគមន៍នៅតាមមូលដ្ឋាន ព្រមទាំងបានត្រួតពិនិត្យពីប្រតិភូអធិការកិច្ច និងសវនកម្មពាក់ព័ន្ធរួចរាល់ ពោលគឺមិនដូចការចោទ ថាមន្ទីរធ្វើកិច្ចការនេះជាលក្ខណៈសម្ងាត់នោះទេ។
២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានការទទួលខុសត្រូវពេញលេញអំំពីការអនុវត្តតួនាទីរបស់ខ្លួន នៅចំពោះមុខច្បាប់ ចំពោះមុខថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែក ចំពោះមុខប្រតិភូអធិការកិច្ច និងប្រតិភូសវនកម្មជាច្រើនក្រុមដែលបានចុះមកជារៀងរាល់ឆ្នាំ។
៣. ពាក់ព័ន្ធនឹងករណីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម យល់ឃើញថា ការចុះផ្សាយរបស់ សារព័ត៌មានផែនដីថ្មី PDT-NEWs ពុំបានផ្អែកលើមូលដ្ឋានច្បាស់លាស់ និងមានចរិតញុះញង់ឱ្យមានការយល់ច្រឡំមកលើការអនុវត្តតួនាទីភារកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាពិសេសគឺរូបលោកប្រធានមន្ទីរដែលជាអ្នកដឹកនាំទទួលខុសត្រូវរបស់មន្ទីឬផងដែរ។
ខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមស្នើឱ្យសារព័ត៌មានផែនដីថ្មី PDT-NEWs ធ្វើការកែតម្រូវឡើងវិញ និងសូមលុបចេញវិញនូវព័ត៌មាននេះ ក្នុងរយៈពេល ២៤ម៉ោង ក្រោយមន្ទីរចេញសេចក្ដីបំភ្លឺព័ត៌មាននេះ និងសូមស្នើសារព័ត៌មានដ៏ទៃទៀត និងសាធារណជនកុំយកទៅផ្សាយបន្ដនាំឱ្យសាធារណជនមានការយល់ច្រឡំ៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត