ទទួលដំណឹងមកថា! សហភាពអឺរ៉ុប ត្រៀមផាកពិន័យ Apple ជាង ៥៣០លានដុល្លារ
(បរទេស)៖ ថ្មីៗនេះសារព័ត៌មាន Financial Times បានរាយការណ៍មកថា សហភាពអឺរ៉ុប (EU) គ្រោងផាកពិន័យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ប្រមាណ ៥០០លានអឺរ៉ូ (ដែលស្មើនឹង ៥៣៩លានដុល្លារ) ជុំវិញការចោទប្រកាន់ថា បានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ប្រភពពី Financial Time ដដែលបានបន្តទៀតថា ការផាកពិន័យនេះត្រូវបានគេរំពឹងថា នឹងប្រកាសនៅដើមខែក្រោយ ហើយអាចពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីការបង្ខូចការប្រកួតប្រជែងនៅក្នុងទីផ្សារការផ្សាយតន្ត្រីតាមរយៈច្បាប់ App Store របស់ខ្លួន ដែលបានរារាំងអ្នកអភិវឌ្ឍន៍ (ឬ Developer) ពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសទិញផ្សេងទៀត។
យ៉ាងណាមិញជុំវិញបញ្ហានេះ ទាំងគណៈកម្មការអឺរ៉ុប និង Apple មិនបានធ្វើអត្ថាធិប្បាយលើការផាកពិន័យដែលបានរាយការណ៍នោះទេ។
គួរជម្រាបដែរថា Apple ត្រូវរងការស៊ើបអង្កេត នឹងចោទប្រកាន់ចាប់តាំងពីឆ្នាំ២០១៩មកម្លេះ ថាបានបំពានច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប ដោយសារតែគោលការណ៍ App Store របស់ខ្លួន ជាពិសេសទាក់ទងទៅនឹងការអនុវត្តមួយចំនួនដូចជា ការគិតកម្រៃជើងសារ ឬពន្ធប្រមាណ ៣០ភាគរយពី Developer រួមទាំងហាមឃាត់អ្នកបង្កើតកម្មវិធីពីការជូនដំណឹងដល់អ្នកប្រើប្រាស់អំពីជម្រើសទិញជំនួសនៅខាងក្រៅ App។ ពោលគឺជម្រើសនៃការទិញជំនួស ដូចជាការលើកទឹកចិត្តឱ្យពួកគេបង់ប្រាក់ដោយផ្ទាល់ និងជៀសវាងថ្លៃសេវា App Store របស់ Apple ដែលមានចាប់ពី ១៥ភាគរយទៅ ៣០ភាគរយជាដើម។
គោលការណ៍ទាំងនេះត្រូវបានចោទប្រកាន់ថាបានបង្ខូចទ្រង់ទ្រាយការប្រកួតប្រជែងនៅក្នុងទីផ្សារការផ្សាយតន្ត្រីដោយការបង្កើនថ្លៃដើមសម្រាប់សេវាកម្មប្រកួតប្រជែង ហើយទីបំផុតនាំឱ្យតម្លៃកាន់តែខ្ពស់សម្រាប់អ្នកប្រើប្រាស់៕ ផ្តល់សិទ្ធិដោយ៖ freshnews




