ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ប្រកាសខាតបង់ប្រាក់ខ្ទង់ ២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ដែលបង្កើតមក ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនអាមេរិក Tesla និងក្រុមហ៊ុនចិន BYD នោះ បានប្រកាសខាតបង់ប្រាក់ប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ ការខតបង់ប្រាក់របស់ VinFast នៅពេលនេះ គឺដោយសារតែការលក់រថយន្តបានតិចជាងការគ្រោងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមការគ្រោងទុក VinFast កំណត់គោលដៅលក់រថយន្តអគ្គិសនីរបស់ខ្លួនឲ្យបាន ៥០,០០០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែជាក់ស្តែងចំនួនលក់ គឺបានត្រឹម ៣៤,៨៥៥គ្រឿងប៉ុណ្ណោះ ដែលធ្វើឲ្យខាតបង់ប្រាក់រហូតដល់ ២.៣៩ពាន់លានដុល្លារ។ ទោះការលក់មិនបានជោគជ័យតាមផែនការនិងធ្វើឲ្យខាតបង់ប្រាក់បែបនេះក្តី តែងាកមកទុនវិនិយោគរបស់ក្រុមហ៊ុននេះ គឺបានកើនឡើងរហូតដល់៩១% គិតជាទឹកប្រាក់មានចំនួន ១.១៩ពាន់លានដុល្លារ។
តាមរយៈលិទ្ធផលពេលនេះ ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន VinFast បានលើកឡើងថា ជាលិទ្ធផលគួរជាទីពេញចិត្ត ត្បិតថាចំនួនទុនវិនិយោគបានកើនឡើង ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ អាចជំរុញបង្កើនប្រាក់ចំណូល និងកែសម្រួលដើម្បីទាញផលចំណេញ។ លោកថា ក្រុមហ៊ុនបន្តផ្តោតការយកចិត្តទុកដាក់លើការវិនិយោគទុនបន្ថែម, ពង្រឹងរក្សាលទ្ធផលឲ្យនៅថេរល្អ, ហើយពង្រឹងគុណភាពនិងតម្លៃជាដើម។
គួរជម្រាបថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup។ ក្រុមហ៊ុននេះ បានពង្រីកទីផ្សារថយន្តរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការបើកសាខាលក់រថយន្តនៅតាមបណ្តាប្រទេសនានាដូចជា នៅប្រទេសអាល្លឺម៉ង់ បារាំង ហូឡង់ សហរដ្ឋអាមេរិក កាណាដា ជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews





