Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្មវិធីកម្សាន្ត ល្បែងរបាំប្រជាប្រិយ ទស្សនីយភាពចម្រុះ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត កំពុងរៀបចំអឺងកង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

    BY Naren April 2, 2024
    កម្មវិធីកម្សាន្ត ល្បែងរបាំប្រជាប្រិយ ទស្សនីយភាពចម្រុះ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត កំពុងរៀបចំអឺងកង នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

    (ភ្នំពេញ)៖ កម្មវិធីកម្សាន្ត ល្បែងរបាំប្រជាប្រិយ ទស្សនីយភាពចម្រុះ ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត បាននិងកំពុងប្រព្រឹត្តទៅយ៉ាងអធិកអធម នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ។

    ពិព័រណ៍ទេពកោសល្យនិងស្នាដៃនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានប្រារព្ធបើកសម្ពោធក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធ សិស្ស និស្សិត និងមហាជនចូលរួមជាច្រើននាក់ ក្រោមប្រធានបទ «មរតកទាំង៥ ឆ្នាំ២០២៤»។

    ព្រឹត្តិការណ៍នេះ ក៏ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជាការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង៥ មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយក៏ដើម្បីឱ្យមហាជនទូទៅបានឃើញ នូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់។

    នាឱកាសនេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ និងផ្តល់មតិសំណេះសំណាល ដោយថ្លែងកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ប្អូនៗនិស្សិតទាំង៥ មហាវិទ្យាល័យដែលសម្រេចបាននូវសមិទ្ធផលខាងលើនេះ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការគ្រប់គ្រង បណ្តុះបណ្តាលរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងលោក លោកស្រីសាស្ត្រាចារ្យទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នាពេលកន្លងមក។

    ពាក់ព័ន្ធនឹងការបង្ហាញពីស្នាដៃរបស់និស្សិត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននិងនិស្សិតទាំង ៥មហាវិទ្យាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺដើម្បីបង្ហាញឱ្យមហាជនទូទៅ ពិសេសប្រជាពលរដ្ឋខ្មែរបានឃើញនូវស្នាដៃទាក់ទងជាមួយនឹងសិល្បៈខ្មែរគ្រប់ទម្រង់ទាំងអស់ ហើយក៏ដើម្បីឱ្យមានការយល់ដឹងច្បាស់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាយល់ដឹងពីរបៀបនៃការដំឡើង របៀបនៃការធ្វើ របៀបនៃការរៀបចំរបស់យុវជន មានលំដាប់លំដោយបែបណាខ្លះ។

    ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញស្នាដៃ ចំណេះជំនាញនិងទេពកោសល្យរបស់និស្សិតប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព ការកសាងទំនាក់ទំនងល្អ នឹងឆ្លុះបញ្ចាំងពីតួនាទីរបស់យុវជនបន្តវេន ដែលចូលរួមកាន់តែសកម្មថែមទៀតក្នុងសកម្មភាពគាំទ្រ លើកស្ទួយ អភិរក្សនិងអភិវឌ្ឍមរតកវប្បធម៌ជាតិ និងជាចលករជំរុញទាំងកំណើនសង្គម-សេដ្ឋកិច្ច និងកិត្យានុភាពជាតិ ស្របតាមទិសដៅដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ ផ្តល់សិទ្ធិដោយ៖Fresh News

    Share This Post: