Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាតកម្មសម្លា.ប់ដុតសាកសព នៅក្រុងប៉ោយប៉ែត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានជនដៃដល់

    BY Nisaiy KP April 7, 2024
    ឃាតកម្មសម្លា.ប់ដុតសាកសព នៅក្រុងប៉ោយប៉ែត កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានជនដៃដល់

    (បន្ទាយមានជ័យ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរាយការណ៍ថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤៖០០នាទីទាបភ្លឺខ្លួនបានបាត់ប្អូនប្រុសម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនម៉ាត ជាមួយម៉ូតូ១គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ផលិតឆ្នាំ២០២៣, ទូរស័ព្ទIPhone 11 មួយគ្រឿង, ខ្សែដៃផ្លាកទីនមួយខ្សែ និងចិញ្ចៀនផ្លាកទីន១វង់។


    ដើមបណ្ដឹងបានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៩៖០០នាទី ប្អូនប្រុសខ្លួនបានជិះម៉ូតូថាទៅដើរលេងនៅក្រៅ រហូតដល់ម៉ោង១២យប់ មិនឃើញចូលផ្ទះឪពុកខ្លួនក៏តេទៅថាឆាប់មកផ្ទះ ឈ្មោះ ហុក ដុល្លារ ក៏បានឆ្លើយថា «តិចទៅដល់ហើយប៉ា» លុះដល់ម៉ោង៤ទាបភ្លឺមិនឃើញមកផ្ទះក្រុមគ្រួសារតេទូរស័ព្ទក៏លែងចូល និងសួរមិត្តភក្ដិ និងកន្លែងធ្វើការរបស់ឈ្មោះ ហុក ដុល្លារ ក៏មិនមានអ្នកណាគេដឹង និងគ្មានដំណឹងរហូតមកដល់ឥឡូវ។

    នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ដដែលនេះ ប្រជាពលរដ្ឋបានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាមហើយប្រទះឃើញសាកសពត្រូវដុតចោលក្នុងរណ្តៅ ដែលមានភិនភាគដូចទៅនឹងជនរងគ្រោះខាងលើ ហើយបានរាយការណ៍ជូនសមត្ថកិច្ច។

    ក្រោយពីបានធ្វើកោសល្យវិច័យ គឺសាកសពមានសភាព កាត់កដៃ និងកាត់ម្រាមដៃ កាត់កែងជើងហើយយកមកដុតចោលនៅរណ្តៅដុតសំរាមឆេះសល់តែដងខ្លួន និងសាច់ដុំដៃ និងក្បាលឆេះសក់អស់ ស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

    បន្ទាប់ពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន អគ្គស្នងការរងទទួលនាយកដ្ឋាន, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងជំនាញនាយកដ្ឋានបើកការស្រាវជ្រាវ។

    កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋាន បានធ្វើការសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

    លុះដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តស្រាវជ្រាវ រហូតដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ ជា សារាជ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ នៅត្រង់ចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    បច្ចុប្បន្នជនដៃដល់កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: