ព័ត៌មានអន្តរជាតិ

ការប្រគុំតន្រ្តី Taylor Swift និង Coldplay show ជំរុញសេដ្ឋកិច្ចសិង្ហបុរី អាចមានអ្នកទស្សនាជាងពាក់កណ្តាលមកពីបរទេស

BY
Khmerpress
April 27, 2024
ការប្រគុំតន្រ្តី Taylor Swift និង Coldplay show ជំរុញសេដ្ឋកិច្ចសិង្ហបុរី អាចមានអ្នកទស្សនាជាងពាក់កណ្តាលមកពីបរទេស

(សិង្ហបុរី)៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងនៅថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីទទួលបានការជំរុញពី «ការកើនឡើងសកម្មភាពទេសចរណ៍» នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ ដោយសារការប្រគុំតន្ត្រីរបស់ក្រុមតន្រ្តីរ៉ុកអង់គ្លេស Coldplay និងតារាចម្រៀងប៉ុបអាមេរិក Taylor Swift។ នេះបើយោងតាមកាសែត Channel News Asia។

ការប្រគុំតន្រ្តីទាំងពីរបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៥៥ ០០០នាក់ដែលជាកីឡដ្ឋានធំបំផុតរបស់សិង្ហបុរី ដោយការប្រគុំតន្ត្រីរបស់ Coldplay ធ្វើឡើងនៅក្នុងខែមករា និងកម្មវិធីរបស់ Swift បានធ្វើឡើងនៅក្នុងខែមីនា។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្ដីពីការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច ដែលចេញផ្សាយពីរដងក្នុងមួយឆ្នាំដោយអាជ្ញាធរ MAS ថា៖ «ការប្រគុំតន្ត្រីទាំងនេះបានធ្វើឡើងក្នុងរយៈពេលសរុប ១២ថ្ងៃ ដោយទស្សនិកជនជាងពាក់កណ្តាលទំនងជាមកពីបរទេស»

ការប្រគុំតន្រ្តី Coldplay បានលក់សំបុត្រជាង ២សែនសន្លឹកសម្រាប់ការប្រគុំតន្រ្តី៤ លើកដំបូងរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ខណៈដែលសំបុត្រជាង ៣សែនសន្លឹកត្រូវបានលក់ចេញសម្រាប់ការប្រគុំតន្ត្រីរបស់ Swift។

យោងតាមស្ថិតិពីក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB) ភ្ញៀវទេសចរអន្តរជាតិចំនួនជា ៤,៣៥លាននាក់បានទៅទស្សនាប្រទេសសិង្ហបុរីក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ កើនឡើង ៥០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២៦ភាគរយធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣។

សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ២,៧ភាគរយនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ សេដ្ឋកិច្ចបានកើនឡើង ២,២ភាគរយ។

សេដ្ឋកិច្ចនៅក្នុងត្រីមាសទី១ បានកើនឡើងទោះបីជាមានការធ្លាក់ចុះសកម្មភាពផលិតកម្មក៏ដោយ ស្របពេលដែលផលិតកម្មជីវវេជ្ជសាស្ត្រនិងគ្រឿងអេឡិចត្រូនិកក៏បានប្រកាសពីកំណើនខ្សោយផងដែរ។

MAS បានកត់សម្គាល់ថា ការប្រគុំតន្ត្រីទ្រង់ទ្រាយធំទាំងនេះអាចបង្កើតចំណូលពីទេសចរណ៍ពី ៣៥០លានដុល្លារសិង្ហបុរី (២៥៧លានដុល្លារអាមេរិក) ដល់ ៤៥០លានដុល្លារសិង្ហបុរី នេះបើយោងតាមការប៉ាន់ស្មានរបស់អ្នកវិភាគវិស័យឯកជន។ ការប៉ាន់ស្មានទាំងនេះមានភាពខុសគ្នាដោយផ្អែកលើការសន្មត់នានា ដូចជារយៈពេលស្នាក់នៅរបស់អ្នកចូលរួមទស្សនាតន្ត្រីនៅក្នុងប្រទេសសិង្ហបុរីជាដើម។ នេះបើយោងតាមកាសែត Channel News Asia៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: