ព័ត៌មានអន្តរជាតិ May 6, 2024

ជប៉ុនក្លាយជាប្រទេសដំបូងគេលើលោក បញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធ 6G ខណៈវាលឿនជាង 5G គុណនឹង២០

Khmerpress

(បរទេស)៖ ក្រុមហ៊ុនមួយរបស់ជប៉ុន នាពេលថ្មីៗនេះបានបង្ហាញឧបករណ៍គំរូ 6G ល្បឿនលឿនដំបូងគេរបស់ពិភពលោក ដែលមានសមត្ថភាពអាចបញ្ជូនទិន្នន័យក្នុងល្បឿន 100 gigabits ក្នុងមួយវិនាទី (Gbps) និងគ្របដណ្តប់លើផ្ទៃដីលើសពី ៣០០ហ្វីត។ ប្រការនេះ បានធ្វើឲ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងគេលើលោក បញ្ចេញឧបករណ៍ដំណើរការដោយប្រព័ន្ធ 6G ខណៈដំណើរការលឿនជាង 5G បច្ចុប្បន្នគុណនឹង២០ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Gizmo China។

ឧបករណ៍គំរូនេះ ត្រូវបានគេដឹងថាជាការសហការរួមគ្នារវាងក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសជប៉ុន ដូចជា៖ DOCOMO, NTT Corporation, NEC Corporation និង Fujitsu ជាដើម។ ឧបករណ៍គំរូដំណើរការដោយប្រព័ន្ធ 6G នេះទៀតសោទ គឺត្រូវបានប្រកាសលទ្ធផលតេស្តជោគជ័យនៅថ្ងៃទី១១ ខែមេសា ដែលក្រុមហ៊ុនបានបង្ហើបថា វាមានល្បឿនលឿនដល់ទៅ 100Gbps សម្រាប់ការប្រើប្រាស់នៅខាងក្នុង ជាមួយកម្រិតហ្រ្វេកង់ 100GHz និងការប្រើប្រាស់ខាងក្រៅ មានល្បឿនហ្រ្វេកង់ខ្ពស់ដល់ 300GHz។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានស្តីពីការដាក់ពង្រាយនៅប្រព័ន្ធសេវាជំនាន់ថ្មី 6G Network នៅឡើងទេ ប៉ុន្តែមានការព្យាករណ៍ថា ឆាប់ៗនេះឧបករណ៍ជំនាន់ថ្មីនេះ អាចនឹងធ្វើការអភិវឌ្ឍន៍ផលិតជាមួយនិងអង់តែនសេវា 6G នៅមុនពេលដែលប្រព័ន្ធបណ្តាញសេវាជំនាន់ថ្មីនេះប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍៕ ផ្តល់សិទ្ធិដោយ៖ freshnews