ឯកឧត្តម គី តិច ប្រកាសលេខទូរសព្ទឱ្យពលរដ្ឋរងគ្រោះក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដើម្បីទទួលបានការការពារសិទ្ធិ និងតំណាងពីមេធាវីរាជរដ្ឋាភិបាល
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមមេធាវីរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូន ឯកឧត្តម គី តិច ទេសរដ្ឋមន្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ច ជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ រងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.)។
ក្រុមមេធាវីរាជរដ្ឋាភិបាល សូមគោរពទទួលអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ ជូនប្រជាពលរដ្ឋរងគ្រោះ ស្របតាមនីតិវិធី និងច្បាប់ជាធរមាន នៅគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់។
ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចាត់តាំងសមាជិកមេធាវីរាជរដ្ឋាភិបាល ជាតំណាង និងការពារសិទ្ធិជូន ប្រជាពលរដ្ឋរងគ្រោះ ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក។
ក្រុមមេធាវីរាជរដ្ឋាភិបាល សូមជូនដំណឹងដល់ពលរដ្ឋរងគ្រោះទំនាក់ទំនងក្រុមការងារតាមប្រព័ន្ធទូរសព្ទនៅរៀងរាល់ម៉ោងធ្វើការដូចខាងក្រោម៖
– Tel: 017 991 115
– Tel: 012 518 999
– Tel: 010 447 300 ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

