ព័ត៌មានជាតិ May 17, 2024

ក្រុមហ៊ុនផ្នែកកម្សាន្តឈានមុខមួយរបស់កូរ៉េ ស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា

Naren

(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន SM Entertainment ដែលជាក្រុមហ៊ុនផ្នែកកម្សាន្តផ្នែក​កម្សាន្តដ៏ល្បាញ​ល្បីមួយរបស់កូរ៉េ បានបង្ហាញបំណងស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្ម​ផ្នែកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

SM Entertainment គឺជាផលិតកម្មឈានមុខមួយនៅលើពិភពលោក ដែលបាន បង្កើតឡើង​ក្នុងឆ្នាំ១៩៩៥ និងបាននាំ K-POP ទៅកាន់ពិភពលោកឱ្យបានស្គាល់។ ក្រុមហ៊ុន SM Entertainment មានប្រតិបត្តិការលើ៖ ផលិតកម្មតន្ត្រី, ការគ្រប់គ្រងសិល្បករ, ការប្រគំតន្ត្រីទេសចរណ៍, ការបង្កើតខ្លឹមសារមាតិកា, ផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត, ការលក់ និងផ្តល់សិទ្ធិក្នុងការចាក់ផ្សាយ, ការពង្រីកទីផ្សារសកល។

កាលពីឆ្នាំ២០១០ SM Entertainment ក៏បានរៀបចំការប្រគំតន្ត្រីរបស់ក្រុម SHINee នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ដោយបានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារដល់ Cambodian Children’s Fund ផងដែរ។

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤នេះ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment បានជម្រាបសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម​របស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ។ លោកបន្តថា បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

លោក ប៉ាក សុងជីន បានបន្ថែមថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក ប៉ាក សុងជីន និងបង្ហាញអារម្មណ៍រីករាយផងដែរ ចំពោះបំណងក្រុមហ៊ុនស្វែងរកឱកាសធ្វើ​អាជីវ​កម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្តនៅកម្ពុជា។ សម្ដេចធិបតី បានបញ្ជាក់ថា បច្ចុ​ប្បន្ន​ខ្សែភាពយន្តកូរ៉េ (K-Drama) និងតន្រ្តី K-Pop កំពុងតែពេញនិយមនៅកម្ពុជា ជាពិសេស​ក្នុង​ស្រទាប់យុវវ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ផងដែរថា ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍​ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើម គឺជាការរួមចំណែកក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍នៃប្រទេសទាំងពីរ។

សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា​ក្រសួង​ទេសចរណ៍កម្ពុជា ដើម្បីសិក្សាអំពីឱកាស និងសក្ដានុពលវិនិយោគលើវិស័យនេះកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News