ព័ត៌មានជាតិ May 17, 2024

ម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតព្រលានយន្តហោះ

Naren

(ភ្នំពេញ)៖ ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួម អមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group (AIAI)។

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញ ហើយក៏ជាម្ចាស់ភាគហ៊ុនធំ នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។

លោកអគ្គលេខាធិការ ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូក្រុមហ៊ុន YIG ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។

លោក ជា វុទ្ធី ក៏បានជម្រាបជូនពីស្ថានភាពវិនិយោគ, ច្បាប់ និងបទប្បញ្ញាត្តិពាក់ព័ន្ធ, វិស័យដែលមានសក្តានុពល, ការផ្តល់កិច្ចសម្រួលវិនិយោគ និងបានធ្វើការកត់សម្គាល់ពីកំណើនវិនិយោគចិន ដោយផ្តើមចេញពីក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិន។

ជាលទ្ធផល រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនខ្ពស់ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ជា វុទ្ធី។

ជាការឆ្លើយតប លោក Lu Xiaolong ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកអគ្គលេខាធិការ ដែលបានឆ្លៀតពេលវេលា មមាញឹកទទួលជួបពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ។

លោក Lu Xiaolong បានថ្លែងអំណរគុណដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចូលរួមជួយសម្របសម្រួល និងគាំទ្រគ្រប់បែបយ៉ាង ដល់គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ។

ស្របគ្នានេះ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការកត់សម្គាល់ អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានជម្រាបជូនអំពីបំណង នៃការជួបពិភាក្សានេះ គឺដើម្បីស្វែងរកការគាំទ្រ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ច នៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹងផ្តោតលើសកម្មភាពបថមចំនួន៣ គឺ៖

ទី១៖ ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ,
ទី២៖ ការវិនិយោគក្នុងវិស័យទេសចរណ៍
និងទី៣៖ ការវិនិយោគក្នុងវិស័យកសិកម្ម។

លោកអគ្គលេខាធិការ បានសម្តែងនូវការគាំទ្រ ដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះ នឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសការបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងបានជំរុញឲ្យភាគីចិន ជួយទាក់ទាញទេសចរ ឲ្យមកទស្សនាកម្ពុជាឲ្យបានច្រើន ពិសេសខេត្តសៀមរាប។

លោក ជា វុទ្ធី ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនធ្វើការគិតគូរ ក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឲ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ជាពិសេសការជំរុញការនាំចេញនៅនឹងកន្លែង តាមរយៈភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News