ព័ត៌មានជាតិ May 17, 2024

អភិបាលខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក បន្ថែមទៀត ក្រោយសាងសង់រូបសំណាកសេះសមុទ្រ ទទួលបានការគាំទ្រខ្លាំង

Naren

ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងថា រដ្ឋបាលខេត្តមានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ជាច្រើនទៀតបន្ថែមទៀតទៅថ្ងៃមុខ មានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង១៣ក្នុងខេត្ត ការបង្កើតផ្សារលើទឹក ពិសេសគម្រោងបង្កើតឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយបន្ថែមទៀត ដើម្បីឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ផែនការណ៍បង្កើតផ្សារលើទឹកនេះ គឺបន្ទាប់ពីអាជ្ញាធរខេត្តកំពតទើបបានសាងសង់រូបសំណាកសេះសមុទ្រ ដែលទើបទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំ រវាងរដ្ឋបាលខេត្ត ជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរក្នុងខេត្តកំពត ដែលមានការចូលរួមពីសំណាក់បងប្អូនអាជីវករ សេវាករ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍នៅទូទាំងខេត្តកំពត កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះអភិបាលខេត្ត បានសំណូមពរអោយអាជីវករទេសចរណ៍នៅក្នុងខេត្ត ទាំងអស់សូមកុំធ្វើអ្វីឱ្យខុសឆ្គងដូចជា ការយកតម្លៃលើសពីការស្នាក់នៅ ការតម្លើងថ្លៃម្ហូបអាហារ ការលក់ដូរក្លែងបន្លំទំនិញ ដែលធ្វើឱ្យបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរ ដើម្បីរក្សាបរិមាណភ្ញៀវទេសចរ អោយមកកំសាន្ត នៅខេត្តកំពត៕

ប្រភព៖ ក្រសួងព័ត៌មាន