Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បណ្តាក្រុមហ៊ុនកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា

    BY Naren May 18, 2024
    បណ្តាក្រុមហ៊ុនកូរ៉េ មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជា

    (សេអ៊ូល, កូរ៉េខាងត្បូង)៖ បណ្តាក្រុមហ៊ុនថ្មីៗនៃវេទិកាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសកូរ៉េ​ខាង​ត្បូង មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងវិនិយោគរបស់ពួកគេលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅក្នុងប្រទេសកម្ពុជា។

    ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀល​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក MARN Ki-jeong ប្រធានវេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​នៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា មានក្រុមហ៊ុនប្រមាណជា៤០ ដែលជាសមាជិកនៃវេទិកា​សម្ព័ន្ធ​ឧស្សាហកម្មរបស់កូរ៉េ បាននិងកំពុងវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជា។ បន្ថែមពីលើនោះ មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងពង្រីកប្រតិបត្តិការអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យគ្រឿងសង្ហារឹម វិស្វកម្ម និងយានយន្តនៅកម្ពុជាផងដែរ។

    លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ក៏បានជម្រាបសម្ដេចធិបតីថា វេទិកាសម្ព័ន្ធ​ឧស្សាហកម្ម​ គ្រោងនឹងរៀបចំវេទិកាធុរកិច្ចកូរ៉េ-កម្ពុជា នៅភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាង​មុខ​នេះ ដោយមានការចូលរួមពីវិនិយោគិនកូរ៉េលើវិស័យជាច្រើន។ វេទិកានោះ ជាឱកាស​សម្រាប់​ស្វែងឱកាសពង្រីកការវិនិយោគ និងធ្វើកិច្ចសហការជាមួយដៃគូវិនិយោគនានានៅកម្ពុជាផងដែរ។

    សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ ដែលមានបណ្ដាក្រុមហ៊ុនក្នុងសម្ព័ន្ធ បាននិងកំពុងមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅ​កម្ពុជា។ សម្តេចធិបតី ប្រកាសស្វាគមន៍បណ្ដាក្រុមហ៊ុនផ្សេងទៀត ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញអំពីការដាក់ចេញគោលនយោបាយ និងលិខិត​បទដ្ឋានគតិយុត្តិគាំទ្រដល់ការវិនិយោគ តាមរយៈការធានានូវបរិយាកាសវិនិយោគ ដែលមានភាពប្រកួតប្រជែង ដូចជាការដាក់ឱ្យអនុវត្តច្បាប់ថ្មីស្ដីពីវិនិយោគ ដែលផ្ដល់នូវការលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន ១.៥លាននាក់ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា។

    សម្ដេចធិបតី បានប្រកាសស្វាគមន៍ចំពោះការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ នៅភ្នំពេញ ក្នុងខែវិច្ឆិកាខាងមុខនេះ និងបានលើកទឹកចិត្តឱ្យវេទិកាសម្ព័ន្ធឧស្សាហកម្ម​ បន្តសហការជាមួយស្ថាន​ទូតកម្ពុជាប្រចាំនៅសាធារដ្ឋកូរ៉េ​ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំវេទិកានេះឱ្យទទួលបានជោគជ័យ។

    សូមបញ្ជាក់ថា KIAF ជាវេទិកាមួយមានគោលបំណងជំរុញការអភិវឌ្ឍឧស្សាហកម្មរួមគ្នា ដើម្បីលើកកម្ពស់​សេដ្ឋកិច្ចជាតិ ការកែលម្អឧស្សាហកម្ម ការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក ដោយការប្រឹក្សាយោបល់ ស្តីពីឧស្សាហកម្ម និងសេដ្ឋកិច្ច ព្រមទាំងគោលនយោបាយដល់រដ្ឋាភិបាល។

    KIAF មានសមាជិក មកពី ១៧អង្គការផ្សេងៗគ្នា រួមមាន៖ វិស័យឥន្ធនៈ វិស័យគ្រឿងម៉ាស៊ីន វិស័យជីវសាស្ត្រ វិស័យអេឡិចត្រូនិក វិស័យគីមីឥន្ធនៈ វិស័យវាយនភ័ណ្ឌ វិស័យវិស្វកម្ម វិស័យកំពង់ផែ និងនាវា វិស័យសំណង់ វិស័យរថយន្ត និង វិស័យយានអវកាស៕ ផ្តល់សិទ្ធិដោយ៖ Fresh News

    Share This Post: