ព័ត៌មានអន្តរជាតិ May 20, 2024

iPhone 16 Pro Max នឹងត្រូវបានបំពាក់ដោយកម្លាំងថ្មខ្លាំងជាងមុនរហូតដល់ 4,676mAh

Naren

(បរទេស)៖ ខណៈស្មានហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រៀមបញ្ចេញនាពេលឆាប់ៗខាងមុខថ្មីៗនេះ មានរបាយការណ៍មួយបន្ថែមទៀតបានបង្ហាញថា iPhone 16 Pro Max នឹងចេញមកជាមួយនឹងកម្លាំងថ្មខ្លាំងជាងមុន និងកាន់ថ្មបានយូរជាងមុន បើធៀបទៅ iPhone 15 Pro Max។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ប្រភពពីអ្នកវិភាគទីផ្សារ iPhone ដ៏ល្បីលោក Ming-Chi Kuo បានអះអាងថា ថ្មរបស់ iPhone 16 Pro Max នឹងបំពាក់នូវដង់ស៊ីតេថាមពលខ្ពស់ជាង បើធៀបនឹងថ្មដែលប្រើនៅក្នុង iPhone 15 Pro Max នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងបង្កើនទំហំដង់ស៊ីតេនេះ ក៏អាចធ្វើឱ្យថ្មកើនឡើងកម្តៅខ្លាំងជាងមុនផងដែល ប៉ុន្តែដើម្បីដោះស្រាយបញ្ហានេះ មានពាក្យចចាមអារ៉ាមមកថា Apple កំពុងពិចារណាប្រើស្រោមដែកអ៊ីណុករុំជុំវិញថ្ម។

ប្រភពពីលោក Ming-Chi Kuo ដដែលបានឱ្យដឹងទៀតថា ទំហំថ្មដែលរំពឹងទុកនៅលើ iPhone 16 Pro Max នឹងមានទំហំ 4,676mAh (មីលីអំពែម៉ោង) ដែលជាការកើនឡើងពីថាមពលថ្ម 4,441mAh នៅក្នុង iPhone 15 Pro Max។

គួរជម្រាបថា ក្រុមហ៊ុន Sunway នឹងក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏ធំនៃប្រអប់ថ្មដែលអ៊ីណុកសម្រាប់ iPhone 16 Pro Max ថ្មី ហើយប្រសិនបើដំណើរការផលិតកម្មដំបូងទទួលបានជោគជ័យ Apple អាចនឹងអនុវត្តសំបកថ្មថ្មីលើ iPhone 17 គ្រប់ម៉ូដែលតែម្តង៕ ផ្តល់សិទ្ធិដោយ៖ Fresh News