ស្ថាបនិកសាលាដូង ចុះពីលើកំពូលភ្នំគិរីរម្យ យករថយន្តចំណាស់ច្នៃចេញជាបណ្ណាល័យចល័ត ឱ្យមហាជនទម្លាប់អានសៀវភៅនៅតាមទីសាធារណៈ
(ភ្នំពេញ)៖ មហាជនច្បាស់ជាស្គាល់ ស្ថាបនិកសាលាដូង លោក អ៊ុក វណ្ណដេ ដែលជួយឱ្យកុមារជាច្រើនឱ្យបានរៀនសូត្រស្រូបយកចំណេះដឹងដោយឥតគិតថ្លៃនៅលើកំពូលភ្នំគិរីរម្យ។ ទោះបីជួយសង្គមច្រើនឆ្នាំក៏ដោយ លោកក៏មិនបញ្ឈប់ លោក អ៊ុក វណ្ណដេ បានបន្ថែមបេសសកម្មថ្មី ក្នុងការបង្កើនទម្លាប់នៃការសៀវភៅ ដោយថ្មីៗនេះលោកបានចុះពីលើកំពូលភ្នំគិរីរម្យ យករថយន្តចំណាស់ដែលកែច្នៃរួចដឹកសៀវភៅជាង១ពាន់ក្បាល ទៅចល័តនៅតាមទីសាធារណៈដើម្បីទាក់ទាញមហាជនឱ្យមកចាប់អារម្មណ៍ក្នុងការអានសៀវភៅពង្រីកចំណេះដឹង។
ផ្តល់ការបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ ដែលឡានទេសចរណ៍អំណាន របស់លោកកំពុងស្ថិតសួនវត្តបទុមវតី លោកបានឱ្យដឹងថា ក្នុងការបង្កើតបេសសកម្មថ្មី ឡានទេសចរណ៍អំណាន ឬបណ្ណាចល័តនេះ គឺដោយសារតែឃើញថាពលរដ្ឋកម្ពុជាពុំសូវបំផុសឬអានសៀវភៅច្រើនដូចបណ្តាប្រទេសដទៃ។ ដោយទេសចរណ៍អំណានរបស់លោកធ្វើឡើងក្នុងគោលបំណងទាក់ទាញអ្នកចង់អាន ពង្រីកចំណេះដឹង ដោយប្តូរពីទម្លាប់មិនល្អមួយចំនួនយ៉ាងហោចណាស់មកខ្ចីសៀវភៅ ឬអានផ្ទាល់នៅតាមទីសាធារណៈដែលជាគំរូមួយដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ។
លោក អ៊ុក វណ្ណដេ បានឱ្យដឹងថា ឡានទេសចរណ៍អំណាន របស់លោកមានសៀវភៅរាប់ពាន់ក្បាល ដែលទទួលបានពីសប្បុរសជន ជាការពិតធ្វើកិច្ចការសង្គមនេះលោកពុំទទួលបានចំណូលច្រើនឡើយ ប៉ុន្តែក៏មានការជួយពីកម្លាំងមហាជនជាថវិកាបន្តិចបន្តួច។ ចំពោះរថយន្តដែលយកមកនេះ ជារថយន្តចំណាស់ឆ្នាំ១៩៧២ ដែលគេបោះបង់ចោល លោកក៏យកមកកែច្នៃផាត់ពណ៌រយៈពេល៨ខែ ដែលរថយន្តនេះលោកគេង ហូបចុកនៅក្នុងរថយន្តនេះផ្ទាល់តែម្តង។
ហើយបេសកម្មទេសចរណ៍អំណាន នឹងធ្វើជាផ្លូវការនៅឆ្នាំ២០២៥ លោកនឹងចល័ត២៥ខេត្តក្រុង និងស្នាក់នៅរយៈពេលវែង។ គ្រាន់នៅពេលនេះលោកបើកសាកល្បងចំនួន៣ទីតាំងសិមមានដូចជា រាជធានីភ្នំពេញពី ថ្ងៃទី២០ ២១ ២២ ពីម៉ោង៣រសៀល ដល់៩យប់ បន្ទាប់មកគឺខេត្តកំពត ពីថ្ងៃទី២៤ ២៥ ២៦ ២៧ និងចុងក្រោយខេត្តកែប ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែឧសភា៕




