Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ជប៉ុនកំពុងតាមដានយ៉ាងដិតដល់ ទៅលើតម្លៃប្រាក់យ៉េន

BY Naren May 23, 2024
ជប៉ុនកំពុងតាមដានយ៉ាងដិតដល់ ទៅលើតម្លៃប្រាក់យ៉េន

(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភ អំពីផលប៉ះពាល់អវិជ្ជមាននៃការធ្លាក់ចុះថ្លៃ នាពេលបច្ចុប្បន្នរបស់ប្រាក់យ៉េន និងឥទ្ធិពលរបស់វាទៅលើកត្តាលើកទឹកចិត្ត ចំពោះការដំឡើងប្រាក់ឈ្នួល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Suzuki បានមានប្រសាសន៍ថា៖ «គោលដៅសំខាន់របស់យើង គឺដើម្បីសម្រេចបានការដំឡើងប្រាក់ឈ្នួល ដែលខ្ពស់ជាងការកើនឡើងថ្លៃតម្លៃទំនិញ»។

លោកបន្ថែមថា៖ «ម្យ៉ាងវិញទៀត ប្រសិនបើតម្លៃនៅតែបន្តខ្ពស់ វានឹងពិបាកក្នុងការឈានដល់គោលដៅនេះ ទោះបីជាប្រាក់ឈ្នួលកើនឡើងក៏ដោយ»។

បើទោះបីជាការធ្លាក់ចុះថ្លៃប្រាក់យ៉េន ផ្តល់ជាប្រយោជន៍ដល់ក្រុមហ៊ុននាំចេញក៏ដោយ ក៏វាបានក្លាយជាបញ្ហាឈឺក្បាល សម្រាប់អ្នកបង្កើតគោលនយោបាយរបស់ជប៉ុន ដោយសារប៉ះពាល់ដល់ការប្រើប្រាស់ ដែលជំរុញឱ្យថ្លៃដើមនៃការនាំចូលវត្ថុធាតុដើមកើនឡើង។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការធ្លាក់ចុះរបស់ប្រាក់យ៉េនបានកើនខ្ពស់ជាង ១៦០យ៉េនក្នុងមួយដុល្លារកាលពីចុងខែមុន ដែលបានបង្កឱ្យមានការសង្ស័យថា រដ្ឋាភិបាលក្នុងតូក្យូបានធ្វើអន្តរាគមន៍។ រូបិយប័ណ្ណជប៉ុនបានបានឡើងថ្លៃវិញ តាំងពីពេលនោះមក ហើយត្រូវបានជួញដូរក្នុងតម្លៃប្រហែល ១៥៦,៤៥យ៉េនក្នុងមួយដុល្លារ។

នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាទៀងទាត់ លោក Suzuki បានរំលឹកឡើងវិញថា អត្រាប្តូរប្រាក់បរទេស គួរតែត្រូវបានកំណត់ដោយទីផ្សារដែលឆ្លុះបញ្ចាំងពីមូលដ្ឋាននានា ហើយថា ការប្រែប្រួលតម្លៃរូបិយប័ណ្ណ ដោយស្ថិរភាពគឺជាអ្វីដែលចង់បាន។ លោកបានបន្តថា រដ្ឋាភិបាលនឹងត្រួតពិនិត្យទីផ្សាររូបិយប័ណ្ណយ៉ាងដិតដល់ និងចាត់វិធានការសមស្របតាមការចាំបាច់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: