ពលរដ្ឋជាច្រើនគ្រួសារនៅឃុំកំពង់រាប ស្រុកព្រៃកប្បាស ផ្ទុះការតវ៉ា ក្រោយកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង បានបង្ហូរអាចម៌ជ្រូក និងកាកសំណល់ចូលក្នុងទឹកស្ទឹងដែលពួកគាត់ប្រើប្រាស់ និងបរិភោគរាល់ថ្ងៃ
(តាកែវ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានផ្ទុះការតវ៉ា និងប្ដឹងទៅអាជ្ញាធរភូមិ-ឃុំ ករណីកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងបានបង្ហូរអាចម៌ជ្រូក និងកាកសំណល់ចូលទៅក្នុងទឹកស្ទឹងព្រែកអំបិល នៅភូមិកំពង់លៀវ ឃុំកំពង់រាម ស្រុកព្រៃកប្បាយ ខេត្តតាកែវ ខណៈដែលទឹកស្ទឹងព្រែកអំបិលខាងលើនេះ ប្រជាពលរដ្ឋតែងតែអាស្រ័យផលជារៀងរាល់ថ្ងៃផងដែរ។
ប្រជាពលរដ្ឋបានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ពាក់ព័ន្ធនឹងកសិដ្ឋានចិញ្ចឹមជ្រូកខាងលើនេះ ប្រជាពលរដ្ឋបានធ្វើពាក្យបណ្ដឹងទៅអាជ្ញាធរភូមិ-ឃុំរួចរាល់ហើយ ប៉ុន្តែខាងអាជ្ញាធរភូមិ-ឃុំពុំមានចំណាត់ការណាមួយ ទៅលើកសិដ្ឋានចិញ្ចឹមជ្រូកខាងលើនោះទេ ដែលបានបង្កហើយមានផលវិបត្តិដល់ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ។
ប្រជាពលរដ្ឋបានបន្តទៀតថា កន្លងមក ទឹកស្ទឹងព្រែកអំបិលខាងលើនេះ ប្រជាពលរដ្ឋតែងតែប្រើប្រាស់អាស្រ័យផលជារៀងរាល់ថ្ងៃដូចជា ដាំទឹក ដាំស្ល ដាំបាយ និងប្រើប្រាស់ផ្សេងៗទៀត។
ប្រជាពលរដ្ឋបានសំណូមពរអាជ្ញាធរខេត្តតាកែវ និងមន្រ្តីជំនាញ មេត្តាជួយចុះពិនិត្យមើលទីតាំងខាងលើនេះផង ព្រោះកន្លងមក ទីតាំងនេះត្រូវបានប្រជាពលរដ្ឋធ្វើការប្ដឹងជំទាស់ទៅអាជ្ញាធរភូមិ-ឃុំរួចហើយ ប៉ុន្តែអាជ្ញាធរភូមិឃុំពុំមានចំណាត់ការអ្វីទៅលើខាងលើ កសិដ្ឋានចិញ្ចឹមជ្រូកនោះទេ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង។ ដោយហេតុថាប្រភពទឹកនៅទីតាំងខាងលើនេះ ជាប្រភពទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបរិភោគរាល់ថ្ងៃ តែបច្ចុប្បន្ននេះបានប្រែក្លាយទៅជាទឹកស្អុយដែរបង្ហូរចេញពីកសិដ្ឋានចិញ្ចឹមជ្រូក៕ ផ្តល់សិទ្ធិដោយ៖ Fresh News

