ហេតុអ្វីបានជាជនជាតិចិនចូលចិត្តលេខ១៦៨ តែមិនចូលចិត្តលេខ៤ ខណៈជណ្ដើរយោងជាច្រើននៅប្រទេសចិនមិនមានលេខនេះឡើយ
(ភ្នំពេញ)៖ បើនិយាយអំពីលេខដែលនាំសំណាងដល់មនុស្ស ឃើញថាប្រជាជនចិន ឬប្រជាជនខ្មែរជាប់សែស្រឡាយចិនតែងតែនិយមចូលចិត្តលេខ១៦៨ សម្រាប់លេខទូរស័ព្ទ ផ្លាកលេខរថយន្ត-ម៉ូតូ ឬឈ្មោះហាងអាជីវកម្មផ្សេងៗជាដើម ប៉ុន្តែនៅក្នុងប្រទេសចិនផ្ទាល់ ពួកគេភាគច្រើនមិនចូលចិត្តលេខ៤ នោះឡើយ។


តើមានមូលហេតុយ៉ាងណាខ្លះ បានជាប្រជាជនទាំងនោះមានជំនឿទៅលើលេខទាំងពីរនេះ?
លេខ ១៦៨ ត្រូវបានគេជឿថាជា «លេខនាំសំណាង» គឺដោយសារតែក្នុងភាសាចិន លេខ១៦៨ នេះមានសូរសំឡេងថា «អ៉ី លីវ ប៉ា YĪ LIÙ BĀ» ដែលមានសំឡេងស្រដៀវខ្លាំងទៅនឹងពាក្យថា «អ៉ី លុ ហ្វា» ដែលបានន័យថា «ជោគជ័យសម្បូររុងរឿងគ្រប់ទៅកន្លែងដែលបានទៅដល់»។
ទន្ទឹមនឹងនោះដែរ លេខ៤ គឺជាលេខដែលប្រជាជនចិនភាគច្រើនជឿថាជាលេខមិនល្អ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺនៅក្នុងជណ្ដើរយោងជាច្រើននៅប្រទេសចិន មិនមានលេខ៤នេះនោះទេ។ មូលហេតុដែលគេមិនប្រើប្រាស់លេខ៤ គឺដោយសារសូរសំឡេងរបស់លេខ៤នេះស្រដៀងទៅនឹងពាក្យស្លាប់ ឬគេនិយមថា «លេខស្លាប់ ឬលេខខ្មោច»។
នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន ថ្វីដ្បិតនិយមចូលចិត្តលេខ១៦៨ ដែលលេខនាំសំណាងដូចផ្នត់គំនិតជនជាតិចិនយ៉ាងនេះក៏ដោយ ប៉ុន្តែពួកយើងមិនគិតអាក្រក់ទៅលើលេខ៤ដូចជនជាតិចិនគិតនោះឡើយ ព្រោះពួកយើងជឿថាលេខនៅតែជាលេខ ប៉ុន្តែមនុស្សទៅវិញទេដែលជាអ្នកលាបពណ៌ ឬផ្ដល់បុគ្គលិកកម្មឱ្យលេខ៕ ផ្តល់សិទ្ធិដោយ Fresh News
