Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ថាត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ

BY Nisaiy KP June 9, 2024
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ថាត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងបទចោទប្រមាថព្រះមហាក្សត្រ

(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា បាននិយាយថារូបលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ ដែលអាចនឹងក្លាយជាបរាជ័យមួយសម្រាប់អ្នកនយោបាយថៃគីឡូធ្ងន់រូបនេះដែលមានសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងដឹកនាំរដ្ឋាភិបាលថៃសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ពាក្យបណ្ដឹងប្រឆាំងនឹងលោក Thaksin ពីបទប្រមាថព្រះមហាក្សត្រត្រូវធ្វើឡើងដោយអ្នកមានភក្ដីភាពចំពោះយោធាថៃ ដែលបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី Yingluck Shinawatra ដោយសំអាងលើបទសម្ភាសន៍មួយរបស់លោក Thaksin ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥។ លោក Thaksin ក៏កំពុងរងការចោទប្រកាន់ ពីបទល្មើសមួយចំនួនទៀតផងដែរ ក្នុងនោះរួមមានទាំងការបំពានលើច្បាប់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រ។

យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Thaksin បាននិយាយថាការចោទប្រកាន់ប្រឆាំងនឹងរូបលោកគឺគ្មានមូលដ្ឋានអ្វីទាំងអស់ ហើយថារូបលោកផ្ទាល់នឹងជួបជាមួយ ក្រុមរាជអាជ្ញានៅថ្ងៃទី១៨ ខែមិថុនា ដោយមិនមានការភិតភ័យចំពោះករណីនេះឡើយ ហើយថាត្រៀមខ្លួនជាស្រេចដើម្បីតតាំងក្ដី។

គួរបញ្ជាក់ថា លោក Thaksin មានអាយុ ៧៤ឆ្នាំ បានបដិសេធថាលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ហើយបានលើកឡើងម្ដងហើយម្ដងទៀតពីភក្ដីភាពចំពោះព្រះមហាក្សត្រថៃ។ លោក Thaksin គឺជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សជាង ២៧០នាក់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរងការចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ និងដែលជា ច្បាប់ដាក់ទោសធ្ងន់ធ្ងរបំផុត ដោយអ្នកល្មើសអាចនឹងជាប់ពន្ធនាគារពី ៣ឆ្នាំ ដល់១៥ឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

Share This Post: