ព័ត៌មានអន្តរជាតិ June 11, 2024

ទីបំផុត! Apple Intelligence បង្ហាញខ្លួននៅលើ iPhone ជាលើកដំបូង

Naren

(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ WWDC 2024 នៅយប់មិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានណែនាំការធ្វើបច្ចុប្បន្នភាពសំខាន់មួយចំនួន ដោយរួមបញ្ចូលបច្ចេកវិទ្យា «Apple Intelligence» ថ្មីជាលើកដំបូងនៅទូទាំងកម្មវិធីរបស់ខ្លួនរូមទាំង Siri និងនាំយក Chatbot ChatGPT របស់ OpenAI ទៅកាន់ឧបករណ៍របស់ខ្លួនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងបទបង្ហាញរយៈពេលជិតពីរម៉ោងនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple (WWDC) នាយកប្រតិបត្តិជាន់ខ្ពស់ រួមទាំង CEO លោក Tim Cook បានលើកឡើងពីរបៀបដែលជំនួយការសំឡេង Siri នឹងអាចធ្វើអន្តរកម្មជាមួយសារ អ៊ីមែល ប្រតិទិន ក៏ដូចជាកម្មវិធីផ្សេងទៀតដែលដំឡើងនៅលើ App Store។ លោកបានគូសបញ្ជាក់ថា Siri នឹងអាចសរសេរអ៊ីមែល និងប្ដូរសំឡេងឱ្យសមនឹងឱកាស និងពេលវាលាជាក់ស្តែងបានថែមទៀតផង។

គួរជម្រាបថា Apple Intelligence គឺជាប្រព័ន្ធ AI ថ្មីមួយដែលរួមបញ្ចូលគ្នានូវគំរូទូទៅជាមួយនឹងបរិបទផ្ទាល់ខ្លួន ដើម្បីផ្តល់នូវភាពឆ្លាតវៃដែលមានប្រយោជន៍ និងពាក់ព័ន្ធ។ តាមការបញ្ជាក់ Apple Intelligence នឹងដំណើរការតែនៅលើ iPhone 15 Pro/Pro Max និងរាល់ Mac/iPad ប្រើប្រាស់ឈីប M1 ឡើងទៅប៉ុណ្ណោះ។ ដោយឡែកចំពោះ ChatGPT វិញ Apple នៅមិនទាន់បញ្ចេញឱ្យប្រើប្រាស់នៅឡើយនោះទេ នឹងត្រូវរង់ចាំរហូតដល់ចុងឆ្នាំឯណោះ ទើបបញ្ចូលវាទៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ Mac, iPhone និង iPad ហើយវាមាននៅលើ Writing Tools និង Siri តែនៅពេលចាំបាច់ប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News