ព័ត៌មានអន្តរជាតិ June 14, 2024

ម្ចាស់ភាគហ៊ុន Tesla ឯកភាពផ្ដល់កញ្ចប់លុយ ៥៦ពាន់លានដុល្លារ ដល់ Elon Musk ក្នុងនាមជា CEO ធ្វើឲ្យក្រុមហ៊ុនរីកចម្រើនខ្ពស់

Naren

(បរទេស)៖ ម្ចាស់ភាគហ៊ុនធំៗរបស់ ក្រុមហ៊ុន Tesla បានបោះឆ្នោត ឯកភាពក្នុងការផ្ដល់កញ្ចក់ទឹកប្រាក់ប្រចាំឆ្នាំចំនួន ៥៦ពាន់លានដុល្លារដល់លោក Elon Musk ក្នុងនាមជានាយកប្រតិបត្តិ (CEO) ដែលជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនខ្ពស់។

តាមពិតទៅកញ្ចប់ទឹកប្រាក់នេះ វាជាលុយរង្វាន់ដែល Tesla ត្រូវប្រគល់ឲ្យលោក Elon Musk កាលពីឆ្នាំ២០១៨ ទៅលើការបំពេញការងារបានល្អរបស់គាត់ ដោយក្នុងនោះ វាមិនមែនមានលុយសុទ្ធទេ គឺមានជាចំណែកហ៊ុនរបស់ Tesla ផងដែរ។

ការបោះឆ្នោតកាលពីថ្មីៗនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួមពីសំណាក់ម្ចាស់ភាគហ៊ុនធំៗ ហើយជាលទ្ធផលគឺសម្រេចផ្ដល់កញ្ចប់លុយនេះជូនលោក Elon Musk ប៉ុន្តែតុលាការបានស្នើសុំឲ្យក្រុមហ៊ុន Tesla បង្ហាញលទ្ធផលនៃការបោះឆ្នោត ដើម្បីស៊ើបអង្កេតឲ្យបានច្បាស់ថា ការឯកភាពនោះ មិនស្ថិតក្រោមសម្ពាធពីលោក Elon Musk។

ក្រោយពេលលោក Elon Musk បានទិញយកបណ្តាញសង្គម Twitter ដែលបច្ចុប្បន្នប្ដូរមក X. គឺបានធ្វើឱ្យម្ចាស់ភាគហ៊ុនមួយចំនួនមានការមិនសប្បាយចិត្ត ដោយសារខ្លាចលោក Elon Musk ងាកទៅផ្ដោតសំខាន់លើ X និងទុក Tesla ចោល ប៉ុន្តែលោក Elon Musk មិនបានធ្វើដូច្នេះឡើយគឺលោកនៅតែពង្រឹងការងារនៅ Tesla ដដែលទើបបានជា ម្ចាស់ភាគហ៊ុនយល់ព្រមផ្តល់កញ្ចប់លុយនេះជូនលោក Elon Musk។

 បើទោះបីជាយ៉ាងនេះក្តី ក៏តុលាការក្នុងតំបន់នៅតែមិនទាន់អនុញ្ញាតឲ្យមានការឯកភាពទាំងស្រុងទៅលើកញ្ចប់លុយនេះ នោះទេ ពោលគឺត្រូវបើកការស៊ើបអង្កេតរួចរាល់ជាមុនសិន៕ ផ្តល់សិទ្ធិដោយ៖ Fresh News