ព័ត៌មានជាតិ June 23, 2024

នគរបាលខេត្តសៀមរាប ឃាត់ខ្លួនស្ដ្រីម្នាក់មកសួរនាំ ក្រោយបង្ហោះវីដេអូ ភ្ជាប់ជាមួយសំឡេងផ្ទុះអាវុធ នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្ដិសុខ

Nisaiy KP

(សៀមរាប)៖ ស្ដ្រីម្ចាស់គណនី TikTok មួយត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនមកធ្វើការសួរនាំ បន្ទាប់ពីបង្ហោះវីដេអូ ភ្ជាប់ជាមួយសំឡេងផ្សេងដែលលឺសូរដូចសំឡេងផ្ទុះអាវុធ នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្ដិសុខជាតិ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយឃើញវីដេអូនោះត្រូវបានគេចែកចាយ និងអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវបន្ទាន់លើករណីនេះ។

ជាលទ្ធផល នៅព្រឹកមិញនេះ កម្លាំងជំនាញបានកោះហៅឈ្មោះ ហម ផល់ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប  អាស័យដ្ឋានបច្ចុប្បន្ន ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិកតូបលក់ចាប់ហួយ​ គឺជាម្ចាស់គណនី​ Tik Tok ឈ្មោះ Srey Pol952 ដែលបានបង្ហោះវីដេអូ អមដោយសម្លេងផ្ទុះអាវុធ លើបណ្ដាញសង្គម Tik Tok មកសាកសួរនៅកន្លែងសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ច ស្ដ្រីខាងលើបានសារភាពថា នៅអំឡុងឆ្នាំ២០២២​ ខ្លួនបានបង្កេីតគណនី​ Tik Tok ឈ្មោះ​ Srey Pol952 ដេីម្បីលេងកម្សាន្ដ។ ក្រោយមក​អំឡុងឆ្នាំ​២០២៣​ ខ្លួនបានថតនៅលេីដងផ្លូវសាធារណៈចំណុចកន្លែងហាងខ្លួនលក់ចាបហ៊ួយ​ មានរយៈពេល​១០វិនាទី​ ជាលក្ខណៈ​ដូចមានការភ័យស្លន់ស្លោ​ អមដោយសម្លេងផ្ទុះអាវុធ​ ដោយសម្លេងនោះ​ គឺខ្លួនបានទាញយកពីគណនី​ Tik Tok (មិនចាំឈ្មោះ)​ ក្នុងចេតនាបង្ហោះលេងប៉ុណ្ណោះ។

លុះដល់ថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២៤​ ស្រាប់តែខ្លួនបានឃេីញគណនី​ TikTok របស់ខ្លួន​ បានធ្វេីការលោតរំលឹកវីដេអូចាស់ដែលបានបង្ហោះខាងលេីម្តងទៀត​ ពេលនោះ​ខ្លួនក៏បានបង្ហោះលេងសារជាថ្មី​ ដែលមានអ្នកចូលមេីលច្រើន ដោយខ្លួន​ពុំបានគិតដល់នាំឲ្យមានការប៉ះពាល់ដល់សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គមនោះទេ។

ក្រោយបញ្ចប់ការសួរនាំ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វេីកិច្ចសន្យា​ អប់រំណែនាំ​ និងថតវីដេអូសុំទោសជាសាធារណៈ​៕ ផ្ដល់សិទ្ធិដោយ៖ Freshnews