ក្រសួងសាធារណការ៖ ក្រុមហ៊ុន នង សារិន មាន សំណាង អ៉ិនវេសម៉ិន ខន់ស្ត្រាក់សិន អ៉ីមផត អិចផត ខូអិលធីឌី មិនមែនជាក្រុមហ៊ុនម៉ៅការ ស្ថាបនាផ្លូវខេត្តលេខ៣១២
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងអះអាងថា ក្រុមហ៊ុនឈ្មោះ នង សារិន មាន សំណាង អ៉ិនវេសម៉ិន ខន់ស្ត្រាក់សិន អ៉ីមផត អិចផត ខូអិលធីឌី (NONG SARIN MEAN SAMNANG INVESTMENT & CONSTRUCTION IMPORT EXPORT CO., LTD) មិនមែនជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវខេត្តលេខ៣១២ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅដល់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រីព្រំប្រទល់កម្ពុជា-វៀតណាម នោះទេ។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា កន្លងទៅថ្មីៗនេះមានករណីក្រុមហ៊ុនឈ្មោះ នង សារិន មាន សំណាង អ៉ិនវេសម៉ិន ខន់ស្ត្រាក់សិន អ៉ីមផត អិចផត ខូអិលធីឌីនេះ បានលើកស្លាកប៉ាន់ណូ ព័ត៌មានក្លែងក្លាយ និងប្រមូលផ្តុំគ្រឿងចក្របញ្ឈរលើកំណាត់ផ្លូវខេត្តលេខ៣១៣ មានទីតាំងចាប់ពីរង្វង់មូលថ្មី ខេត្តព្រៃវែង ឆ្ពោះទៅផ្សារកអណ្ដើក ផ្លូវជាតិលេខ១ និងបានអះអាងដោយព័ត៌មានមិនពិតថា ក្រុមហ៊ុនដូចមានឈ្មោះខាងលើនេះ គឺជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវខេត្តលេខ៣១២ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅដល់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រីព្រំប្រទល់កម្ពុជា-វៀតណាម ។
ជាការពិតកំណាត់ផ្លូវខេត្តលេខ៣១៣ កំពុងស្ថិតនៅក្រោមការថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង ហើយកំណាត់ផ្លូវខេត្តនេះពុំមានផែនការស្ថាបនាដោយឥណទានធនាគារអភិវឌ្ឍន៍អាស៊ីនោះទេ។ ចំណែកឯផ្លូវខេត្តលេខ៣១២ ដែលបាននឹងកំពុងស្ថាបនាក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានក្រសួងសាធារណការ នឹងដឹកជញ្ជូន ជាម្ចាស់គម្រោង និងក្រុមហ៊ុន ILSUNG-KR Joint Venture ជាក្រុមហ៊ុនម៉ៅការស្ថាបនាស្របច្បាប់ បានចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សម្រេចបានវឌ្ឍនភាពការងារប្រមាណ ៦៥ភាគរយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៥ខាងមុខនេះ។
ក្រសួងសាធារណការ សូមជម្រាបជូនសាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនឈ្មោះ នង សារិន មានសំណាង អ៉ិនវេសម៉ិន ខន់ ស្ត្រាក់សិន អ៉ីមផត អិចផត ខូអិលធីឌី (NONG SARIN MEAN SAMNANG INVESTMENT & CONSTRUCTION IMPORT EXPORT CO., LTD) ដែលមានឈ្មោះ ចេង ប៊ុន ឆេង ជាអគ្គនាយក បានផ្តល់ព័ត៌មានក្លែងក្លាយអំពីការស្ថាបនាផ្លូវខេត្តលេខ៣១៣ និងផ្លូវខេត្តលេខ៣១២ នេះ ក្នុងគោលបំណង បោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ដោយខុសពីការពិត និងច្បាប់របស់កម្ពុជា ។
ចំពោះមុខក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការផ្លូវច្បាប់ទៅតាមការចាំបាច់លើបុគ្គល ចេង ប៊ុន ឆេង ដែលបានក្លែងបន្លំឯកសារ និងព័ត៌មានបោកប្រាស់នេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

