ព័ត៌មានជាតិ July 7, 2024

បណ្ឌិត អ៊ាង សុផល្លែត៖ ពន្លកបៃតង ជាការបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ

Nisaiy KP

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ពន្លកបៃតង គឺជាការបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ។

ជាមួយគ្នានេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេសអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ។ ​ខណៈក្រសួងបរិស្ថាន រួមជាមួយអង្គការដៃគូ បានរៀបចំកូនឈើចម្រុះចំនួន ៤៤,៥០០ដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ។

ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។

ពិព័រណ៍ «ពន្លកបៃតង» រៀបចំឡើងដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។

ការរៀបចំព្រឹត្តិការនេះ ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០៕ ផ្ដល់សិទ្ធិដោយ៖ Freshnews