Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋមន្ត្រីក្រសួងការងារ៖ ចាប់ពីខែសីហាខាងមុខនេះ មន្ត្រីរាជការនឹងអាចចុះឈ្មោះ ប.ស.ស.ដោយខ្លួនឯងតាមប្រព័ន្ធអនឡាញបាន

    BY Liny Chan July 8, 2024
    រដ្ឋមន្ត្រីក្រសួងការងារ៖ ចាប់ពីខែសីហាខាងមុខនេះ មន្ត្រីរាជការនឹងអាចចុះឈ្មោះ ប.ស.ស.ដោយខ្លួនឯងតាមប្រព័ន្ធអនឡាញបាន

    (សៀមរាប)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ចាប់ពីខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាអង្គភាពនីមួយៗ នឹងអាចចុះឈ្មោះជាសមាជិកបេឡាជាតិសន្តិសុខសង្គម «ប.ស.ស.» ដោយខ្លួនឯងបានតាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រដោយពុំចាំបាច់មានវត្តមានមន្ត្រី ប.ស.ស.ទៀតនោះទេ។

    ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស័្មគ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណជាង៦០០នាក់។

    តាមការបញ្ជាក់របស់ លោករដ្ឋមន្ត្រី ​បានសង្កត់ធ្ងន់ថា យ៉ាងនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា ដែលបានគិតគូរដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដោយភ្ជាប់នឹងបច្ចេកវិទ្យាទំនើបសម្រាប់ភាពកាន់តែងាយស្រួល៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: