Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ ឲ្យផ្អាកនេសាទ និងធ្វើអាជីវកម្ម ខណៈនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង នៅថ្ងៃនេះ ដល់ថ្ងៃទី១៥

    BY Liny Chan July 13, 2024
    រដ្ឋបាលខេត្តព្រះសីហនុ ឲ្យផ្អាកនេសាទ និងធ្វើអាជីវកម្ម ខណៈនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង នៅថ្ងៃនេះ ដល់ថ្ងៃទី១៥

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានណែនាំ ដល់ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ឲ្យផ្អាកជាបណ្ដោះអាសន្ន ការនេសាទ និង ការដឹកជញ្ជូនភ្ញៀវទៅតាមបណ្ដាកោះ ខណៈនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្លាំង។

    ការណែនាំនេះធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា មានសម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ -កម្ពុជា ភាគកណ្ដាលនៃទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ហើយស្ថានភាពបែបនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងនៅលើសមុទ្រ នឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ រលក
    សមុទ្រកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

    ដើម្បីធានានូវសុវត្ថិភាពខ្ពស់ ពីគ្រោះថ្នាក់ និងហានិភ័យនានា ដែលអាចបង្កឡើងដោយកត្តាគ្រោះធម្មជាតិខាងលើ រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រជានេសាទ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្ដាកោះ ដូចខាងក្រោម៖

    * ត្រូវផ្អាកជាបណ្ដោះអាសន្នក្នុងការចេញនេសាទនៅលើផ្ទៃសមុទ្រ និងការដឹកជញ្ជូនភ្ញៀវទេសចរទៅតាមបណ្តាកោះនានា ដោយត្រូវរង់ចាំអាកាសធាតុបានធូរស្រាល ទើបអនុញ្ញាតឱ្យចេញនេសាទ និងមានការដឹកជញ្ជូនភ្ញៀវទេសចរជាធម្មតាឡើងវិញ។

    * ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងប្រុងប្រយ័ត្នក្នុងការលេងទឹកកំសាន្តតាមឆ្នេរសមុទ្រដែលមានរលកខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។

    ជាមួយគ្នានេះ កងកម្លាំងមានសមត្ថកិច្ច ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងត្រូវត្រៀមមធ្យោបាយ សម្ភារ និងកម្លាំងដើម្បីចេញអន្តរាគមន៍បានទាន់ពេលវេលា៕

    Share This Post: